(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់អ្នកដែលគាំទ្រ និងមិនគាំទ្រចំពោះ គម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បញ្ចេញមតិរៀងៗខ្លួន ប៉ុន្តែធ្វើយ៉ាងណា កុំឱ្យមានការប៉ះពាល់ដល់សន្តិសុខជាតិ និងឈានទៅដល់ការបែកបាក់ឯកភាពជាតិ។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើន បានបញ្ចេញមតិជុំវិញ គម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដោយក្នុងនោះមានយុវជនមួយចំនួនទាមទារចង់ឱ្យកម្ពុជាដកខ្លួនចេញ ចំណែកពលរដ្ឋមួយចំនួនទៀត បានបង្ហាញជំហរគាំទ្រចំពោះការអភិវឌ្ឍនេះ ដោយសារតែជាការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅបណ្តាខេត្តជាប់ព្រំដែនប្រទេសទាំងបី។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានស្តាប់មតិរបស់ពលរដ្ឋទាំងអស់ ប៉ុន្តែសម្តេចក៏ទទួលយកនូវមតិភាគច្រើន ដែលគាំទ្រឱ្យកម្ពុជាបន្តអភិវឌ្ឍខេត្តរបស់ខ្លួន នៅតំបន់ត្រីកោណនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបានបញ្ជាក់ថា ប្រសិនបើអ្នកមិនគាំទ្រចំពោះគម្រោងនេះ យល់ថា គម្រោងនេះមិនល្អ ពួកគេអាចបោះឆ្នោតផ្លាសប្តូរមេដឹកនាំបាន រៀងរាល់៥ឆ្នាំម្តង។

សម្តេចបញ្ជាក់ដូច្នេះថា៖ «កុំយកហេតុផលនៃការសង្ស័យដែលមិនមានជាការពិត នេះជាបញ្ហា រឿងអ្វីដែលថាកង្វល់ ព្រោះអំណាចប្រជាពលរដ្ឋមាន៥ឆ្នាំម្តង ខ្លាច៥០ឆ្នាំស្អី បើ៥ឆ្នាំគេធ្វើការវិនិច្ឆ័យម្តងហ្នឹងបោះឆ្នោតម្តងហ្នឹង បើប្រាកដថាបាត់មែនកន្លែងហ្នឹង បោះឆ្នោតទម្លាក់ទៅរដ្ឋាភិបាលហ្នឹង ចាំបាច់កាប់ចាក់គ្នាធ្វើអី»

សម្តេចបានពន្យល់ថា រឿងទឹកដីជារឿងធំណាស់ មិនមែនចេះតែកាត់ឱ្យប្រទេសណានោះទេ ហើយកម្ពុជា តែងតែរក្សាជំហរនៅលើឆាកអន្តរជាតិ មិនគាំទ្រចំពោះការបំបែករដ្ឋនោះទេ។

សម្តេចបញ្ជាក់ទៀតថា «ជំហរមួយរបស់កម្ពុជា នៅលើឆាកអន្តរជាតិ គឺប្រឆាំងទៅលើការបំបែករដ្ឋ យើងមិនគាំទ្រការបំបែករដ្ឋណា ដែលជារដ្ឋអធិបតេយ្យភាព នៅក្នុងអង្គការសហប្រជាជាតិ អីចឹងបើយើងមិនគាំទ្រការបំបែករដ្ឋនៅ​ប្រទេសគេហើយ តើយើងនឹងធ្វើការបំបែកខេត្តនៅប្រទេសយើងទេ?»

សម្តេចបានបន្តថា សម្រាប់អ្នកគាំទ្រចំពោះគម្រោងនេះ គាត់មានទស្សនៈថា បើរាជរដ្ឋាភិបាល ដកខ្លួនចេញពីគម្រោងអភិវឌ្ឍតំបន់ត្រីកោណនោះបណ្តាខេត្តជាប់តំបន់នេះ អាចមិនមានការអភិវឌ្ឍ ហើយបញ្ហានេះ ក៏អាចនឹងធ្វើឱ្យបាត់បង់ដីផងដែរ ដោយសារតែវាក្លាយទៅជាតំបន់ព្រៃ។ ទោះជាយ៉ាងនេះក្តី សម្តេចបានលើកឡើងថា មានទស្សនៈដូចគ្នារវាងពលរដ្ឋ នោះ គឺថែរក្សាអធិបតេយ្យរបស់ជាតិ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកស្រប និងមិនស្របចំពោះគម្រោងអភិវឌ្ឍតំបន់ត្រីកោណ សូមបញ្ចេញមតិរៀងៗខ្លួន ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យមានការប៉ះពាល់ដល់សន្តិសុខជាតិ និងធ្វើឱ្យមានការបែកបាក់ឯកភាពជាតិកម្ពុជាឱ្យសោះ៕