(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យសួរនាំទៅរដ្ឋាភិបាលជប៉ុន តើយល់យ៉ាងណាចំពោះប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ដែលបានយកទឹកដីរបស់ជប៉ុន រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដែលកើតឡើងពីការបោះឆ្នោត។ សួរថាតើជប៉ុន គាំទ្រទេដែលបាតុករយកទឹកដីជប៉ុន ធ្វើជាមូលដ្ឋានសម្រាប់មផ្តួលរំលំ?។

ការណែនាំបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ រៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងថា ឆ្នាំ១៩៩៩ នៅរដ្ឋសភាមិនមែនមានតែបក្សប្រជាជនកម្ពុជានោះទេ គឺមានបក្សច្រើនរួមទាំងបក្ស សម រង្ស៉ី ផងដែរ ហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាខ្លាចមែន ខ្លាចណាស់ខ្មែរបែកបាក់គ្នា ខ្មែរត្រូវរងគ្រោះពិការឡើងវិញព្រោះសង្គ្រាម។

ជាមួយគ្នានេះដែរ សម្តេចធិបតី បានអះអាងថា ចំពោះប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលនឹងធានានូវអ្វីដែលប្រជាពលរដ្ឋចង់បាន អធិបតេយ្យភាព ការពារទឹកដី ការអភិវឌ្ឍនៅតំបន់ឥសាន្ត និងទូទាំងប្រទេស រួមទាំងការថែរក្សាសន្តិភាព ស្ថេរភាព ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ កុំឱ្យបែកបាក់គ្នា ពីព្រោះកម្ពុជា បានភ្លក់រសជាតិការឈ្លោះប្រកែកគ្នា បែកគ្នាឆ្អែតឆ្អន់រួចទៅហើយ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នារក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ កុំឱ្យខ្មែរបែកបាក់គ្នាដូចអតីតកាលតទៅទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងដូច្នេះថា៖ «ហើយចំពោះអ្នកបំផុសបំផុសនៅក្រៅប្រទេស ដែលភាគច្រើននៅជប៉ុន ខ្ញុំសូមឱ្យក្រសួងការបរទេស សួរទៅរដ្ឋាភិបាលជប៉ុនតែម្តង អីឡូវភស្តុតាងមានហើយ ថាតើជប៉ុន គាត់គាំទ្រទេ ដែលយកទឹកដីជប៉ុន នៅក្នុងការបំផុសការផ្តួលរំលំរដ្ឋាភិបាលនៅប្រទេសផ្សេង។ ការបញ្ចេញមតិស្របច្បាប់មិនអីទេ ខ្ញុំថាឱ្យជប៉ុន ដេញមកវិញ ប៉ុន្តែ គួរណែនាំ ថាតើជប៉ុនគាំទ្រទេ ដែលយកទឹកដីជប៉ុន ជាមូលដ្ឋានសម្រាប់ដឹកនាំបាតុកម្មផ្តួលរំលំ ​ព្រោះសារមានច្បាស់លាស់ហើយ (គឺយើងត្រូវផ្តួលរដ្ឋាភិបាល) តើនេះ ឬជាអ្វី?»

ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋាភិបាលច្បាស់ណាស់នឹងមិនការពារដល់រូបណាមួយដែលយកទឹកដីជប៉ុន ធ្វើជាមូលដ្ឋានសម្រាប់ផ្តួលរំលំរដ្ឋាភិបាលប្រទេសផ្សេង។ ខណៈរដ្ឋាភិបាលកូរ៉េ ក៏នឹងគាំទ្រឱ្យបាតុករ ដែលនាំគ្នាធ្វើបាតុកម្មហើយបានយកដបសាំង ជំពាម និងដ្រូន ដើម្បីស្នើសុំធ្វើបាតុកម្ម ច្បាស់ណាស់រដ្ឋាភិបាលកូរ៉េ ក៏មិនអនុញ្ញាតនោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាល គួរតែពន្យល់បាតុករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន ឱ្យបានយល់ពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ពីព្រោះប្រទេសជប៉ុន ជាអ្នកគាំទ្រគម្រោងប្រតិបត្តិការនេះ ចាប់តាំងពីដំបូង។ ខណៈនៅឆ្នាំ២០០៦ ជប៉ុន បានផ្តល់ថវិកា២០លានដុល្លារ សម្រាប់ជួយអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដើម្បីពួកគាត់បានយល់ច្បាស់ពីគម្រោងនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ខ្ញុំគាំទ្រចំពោះការបញ្ចេញមតិយោបល់ ខ្ញុំមិនហាមឃាត់ទេ ប៉ុន្តែ ការបញ្ចេញមតិត្រូវមានព្រំដែន ការផ្តួលផ្តើមគំនិតបែបណា ធ្វើឱ្យមានអស្ថេរភាពក្នុងប្រទេស ធ្វើឱ្យប្រទេសអាចឈានទៅដល់ការបែកបាក់ ការប៉ះទង្គិចគ្នា ធ្វើឱ្យមានការគុំគួនគ្នាទៅវិញ ទៅមក ការអនុវត្តលើសព្រំដែនច្បាប់ដែលអនុញ្ញាត គឺរាជរដ្ឋាភិបាលគ្មានជម្រើសក្រៅពីការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដូចនៅប្រទេសអង់គ្លេស អ៊ឹចឹង»

ទន្ទឹមនឹងនេះដែរ សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ប្រទេសសេរី ក៏ត្រូវអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះការធ្វើបាតុកម្ម ដែលដើរលើសបន្ទាត់ក្រហមនៃច្បាប់ផងដែរ ការអនុវត្តច្បាប់ចំពោះការបាតុករ ដែលធ្វើលើសច្បាប់បានកំណត់របស់រាជរដ្ឋាភិបាល គឺដើម្បីការពារផលប្រយោជន៍ សេចក្តីសុខ សប្បាយរបស់ប្រជាពលរដ្ឋរាប់លាននាក់ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកអ្នកដែលចង់ឱ្យកម្ពុជា ដូចនឹងប្រទេសបង់ក្លាដេស កុំធ្វើឱ្យសោះ មិនមានផលចំណេញឡើយចំពោះជាតិ និងប្រជាជន។ ផ្ទុយទៅវិញ មានតែភាពវិនាសកម្ម ការវាយប្រហារគ្នា បង្កជាភាពវឹកវរដល់ប្រទេសជាតិ ហើយពិសេសសេដ្ឋកិច្ចជាតិនឹងអន់ថយ។ ខណៈនេះស្ថានភាពនៅបង់ក្លាដេស មិនទាន់ចប់ផង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានព្រមានអនុវត្តច្បាប់ចំពោះក្រុមចលនាខុសច្បាប់ទាំងឡាយណា ដែលបង្កឱ្យមានភាពវឹកវរដល់សង្គម ដែលសម្ដេច ចាត់ទុកថា ការអនុវត្តច្បាប់ ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីធានាសន្តិភាព សន្តិសុខ សុខសុវត្ថិរបស់ប្រជាពលរដ្ឋ និងផ្ដាំទៅកាន់អ្នកទាំងនោះ កុំធ្វើសកម្មភាពដែលហួសព្រំដែនច្បាប់ឱ្យសោះ៕