(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ឆ្នាំ១៩៩៩ នៅរដ្ឋសភា មិនមែនមានតែគណបក្សប្រជាជនកម្ពុជានោះទេ គឺមានបក្សច្រើនរួមទាំងបក្ស សម រង្ស៉ី ផងដែរ ហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ចាំបាច់អីបានជានៅពេលចរន្តចាប់ផ្តើមឡើងបានដុតបន្ថែម ចុះពេលដែលខ្លួននៅជាសមាជិកសភា មាន៥៥កៅអី ក្នុងសភា មិចក៏មិននិយាយរឿងនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងចោទសួរទៅកាន់ក្រុមប្រឆាំងដូចនេះនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នាឱកាសដែលអញ្ជើញសំណេះសំណាលជាមួយអាចារ្យ-អាចារិនីចំនួន ១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសួរដូចឆោត កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះមានតាំងពីឆ្នាំ១៩៩៩ គណបក្សប្រជាជនមិនមែនជាគណបក្សដែលដឹកនាំសភាម្នាក់ឯងទេ ពីឆ្នាំ១៩៩៩ មាន ៣គណបក្ស ២០០៣ គណបក្សរបស់លោកនឹង (បក្ស សម រង្ស៉ី) ក៏មាននៅក្នុងសភាដែរ មិចក៏មិនតវ៉ាជំទាស់ពេលនោះ ស្ងាត់ម្លេះបានន័យថា អស់លោកក៏យល់ថា កិច្ចព្រមព្រៀងនេះមិនគ្រោះថ្នាក់ ទើបឯងឥលូវឃើញចាប់ផ្តើមបំផុស ឃើញចរន្តចាប់ផ្តើមដុតបន្ថែម ចុះពេលដែលនៅសមាជិកសភា គណបក្សមាន ៥៥កៅអី ក្នុងសភា មិចក៏មិននិយាយរឿងនឹង?»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជាធម្មតាបក្សប្រឆាំងនៅពេលឃើញរាជរដ្ឋាភិបាលធ្វើអីគ្រោះថ្នាក់ គេយកតែឱកាសនោះដើម្បីវ៉ៃប្រហារ ហើយខ្លាំងបំផុតនៅក្នុងសភា ខណៈពេលដែលខ្លួនមាននៅក្នុងសភា ៥៥កៅអី ហើយកាលនឹងមានរហូតដល់ ៣បក្ស ហេតុអីក៏មិននិយាយថាកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ វាខុសទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចោទសួរទៅកាន់យុវជនជំនាន់ក្រោយ ដែលបានស្តាប់តាមការញុះញ៉ង់ និងសុំសួរឱ្យច្បាស់ថាតើហេតុអីបានជាពីមុន លោកអ៊ំ លោកតា លោកវីរបុរសខ្លួន មិនតវ៉ាពេលដែលខ្លួននៅក្នុងសភា ខណៈដែលសភាមានអាណត្តិ ៥ឆ្នាំ ហើយខ្លួនបាននៅតាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៧ មានរយៈពេលជិត ២០ឆ្នាំ ហើយហេតុអីបានជាមិនជំទាស់ពេលនោះឱ្យហើយ ឫគិតថាកិច្ចព្រមព្រៀងនេះត្រូវដែរ? ហើយមកដល់ពេលនេះ នៅពេលដែលឃើញចរន្តតវ៉ា ទើបចេញមកដុតបន្ថែម ហើយឱ្យក្មេងៗមកធ្វើសកម្មភាពគ្រោះថ្នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមដែរថា មានអ្នកដែលស្រែកខ្លាំងជាងគេ គឺកំពុងនៅប្រទេសជប៉ុន ខណៈដែលខ្លួនឯងទើបតែបានធ្វើលិខិតធានាយកឱពុកម្តាយទៅនៅជាមួយ ហើយបែជាមកបំផុសឱ្យគេមកប្រឈមជាមួយរដ្ឋអំណាចទៅវិញ ដែលបានសុទ្ធតែរៀបចំគោលដៅចាប់ផ្តើមនៅទីលាន ហើយបន្តដើរតាមស្ថានទូត និងត្រៀមទប់ទល់ជាមួយអាជ្ញាធរជាបន្តបន្ទាប់ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចោទសួរទៅកាន់ប្រជាពលរដ្ឋ និងអ្នកដែលបានស្តាប់តាមការញុះញ៉ង់ពីក្រៅប្រទេសមកនោះ ថា «តើអំពើដែលបានរៀបចំទាំងគ្រាប់បែក រៀបចំទាំងដបសាំង រៀបចំដំបង រៀបចំជំពាម តើនេះឫការត្រៀមរៀបចំឧបករណ៍សម្ភារសម្រាប់ធ្វើបាតុកម្មអហឹង្សា? ទី២ ផែនការគោលគំនិតចេញច្បាស់លាស់ហើយ គឺផ្តួលរំលំរដ្ឋាភិបាល មិនមែនត្រឹម ដក ឫមិនដក ពី CLV នោះទេ»។
សម្តេចធិបតី បានបន្ថែមថាសូមបងប្អូនសួរមើលក្រែងខ្លាចបាត់ប្រទេស ក្នុងពេល ២៥ឆ្នាំ ឫ ៥០ឆ្នាំ តើចាំបាច់ឈានទៅដល់ការបែកបាក់ទឹកដី និងអស្ថេរភាពពីថ្ងៃនេះធ្វើអី? ព្រោះបើធ្វើតែដូចនេះគឺនឹងធ្វើឱ្យខ្មែរកាន់តែខ្សោយ និងឈាន់ដល់ការបាត់បង់ទឹកដីដោយស្វ័យប្រវត្តិ បាត់បង់ការពឹងផ្អែកទៅលើកម្លាំងខ្លួនឯង៕