(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងជាថ្មីអំពីតំបន់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដោយបានកត់សម្គាល់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមឃើញថា រយៈពេលចុងក្រោយនេះ ចរន្តពីរផ្សេងគ្នារបស់ប្រជាពលរដ្ឋ មានការគាំទ្រ និងមានខ្លះសុំឱ្យដកខ្លួនចេញ ដែលនាំឱ្យមានមន្ទឹលសង្ស័យគ្នា​រវាងខ្មែរ និងខ្មែរ កើតមានការព្រួយបារម្ភខ្លាចថានឹងនាំមកនូវការបែកបាក់ ឬ អំពើហិង្សាណាមួយកើតឡើង។

ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ការប្រឈមគ្នាមិនមែនជាដំណោះស្រាយនោះទេ ការចេះនិយាយគ្នា ស្វែងរកការឯកភាពគ្នា ទើបជាដំណោះស្រាយល្អ។

សម្តេចសង្កត់ធ្ងន់ថា ជាស្តែងប្រវត្តិសាស្ត្ររបស់កម្ពុជា បានបង្ហាញហើយថា ការឈ្លោះទាស់ទែងគ្នារវាងខ្មែរ និងខ្មែរ ជាមូលហេតុចំបង ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងអធិបតេយ្យជាតិ។ មានតែការរួបរួមគ្នា ឯកភាពគ្នាទេ ទើបជាតិយើងខ្លាំង ការពារបាននូវការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

ការថ្លែងរបស់សម្តេចធិបតីធ្វើឡើងក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ការកង្វល់អំពីទឹកដី គឺជាកាតព្វកិច្ច និងជាសិទ្ធិរបស់មនុស្សគ្រប់គ្នា ប៉ុន្តែអ្វីដែលសំខាន់ ធ្វើអីក៏កុំឱ្យមានការបែកបាក់សាមគ្គីជាតិ ការបញ្ចេញទស្សនៈត្រូវមានក្របខ័ណ្ឌមួយ កុំឈានដល់ការប្រើហិង្សាកាប់ចាក់គ្នា ធ្វើឱ្យមានបញ្ហាបែកបាក់ ព្រោះតែមានផ្ទុះ [ហិង្សា] ហើយមិនចប់ត្រឹមវាយគ្នានេះទេ នៅប្រទេសបង់ក្លាដេស នៅអង់គ្លេស នៅសងសឹកគ្នាទៅវិញទៅមក»

សម្តេចបានបន្ថែមថា «ថាតើបញ្ហានេះ យើងត្រូវរួមគ្នាធ្វើម៉េច? ដើម្បីកុំឱ្យកង្វល់របស់យើងក្លាយជាការពិត អ្វីសំខាន់ការកង្វល់រឿងបាត់ទឹកដី រឿងបាត់អធិបតេយ្យភាព ពីអតីតកាលយើងធ្លាប់ហើយ។ ឥឡូវបងប្អូនកង្វល់អំពីអនាគតកាល អីចឹងដើម្បីកុំឱ្យកង្វល់នេះក្លាយទៅជាការពិត ត្រូវរួមគ្នាថែរក្សា និងអភិវឌ្ឍន៍អធិបតេយ្យភាពទឹកដីរបស់យើងគ្រប់កន្លែង ឱ្យប្រជាជនយើងរីកម្រើន ជាពិសេសនៅខេត្តឦសាន ដើម្បីកុំឱ្យកង្វល់យើងក្លាយជាការពិត តែផ្ទុយទៅវិញពង្រឹងខ្មែរយើងឱ្យកាន់តែខ្លាំង នៅទីនោះ តាមរយៈការថែរក្សានូវសាមគ្គី ឯកភាពជាតិ»

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសប្តេជ្ញាធ្វើឱ្យបាននូវការការពារទឹកដី និងអធិបតេយ្យជាតិក្នុងខេត្តទាំង៤ នៅភាគឦសាន និងបន្តជំរុញឱ្យកិច្ចអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន សម្រាប់កូនខ្មែរជំនាន់ក្រោយ៕