(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ របស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ចំនួន១៥រូប ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅសាធារណរដ្ឋឆែក សម្រាប់ឆ្នាំសិក្សា២០២៤ ២០២៥។
ក្នុងឱកាសសំណេះសំណាលដែលបានប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នាទីស្ដីការក្រសួង, លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរដល់និស្សិតជយលាភីទាំង១៥រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក និងសង្ឃឹមថា និស្សិតជយលាភីទាំងអស់នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។
បន្ទាប់ពីមតិស្វាគមន៍ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី មានមតិសំណេះសំណាល និងបានអនុញ្ញាតឱ្យនិស្សិតទាំង១៥រូប ណែនាំខ្លួន ដោយមានបង្ហាញអំពីជំនាញ ទស្សនៈវិស័យ អំពីគំនិត និងគោលបំណងរបស់ខ្លួនម្នាក់ៗ ក្នុងការស្នើសុំជួបសម្ដែងការគួរសមនេះជូនអង្គពិធីផងដែរ។
នាឱកាសមានមតិសំណេះសំណាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់មតិណែនាំល្អៗ ដល់ក្រុមនិស្សិត ដើម្បីជាគំនិតក្នុងការស្វែងយល់អំពីជំនាញរៀងៗខ្លួន និងជាប្រយោជន៍សម្រាប់ខ្លួនឯង និងប្រទេសជាតិ។ ក្នុងនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់មតិណែនាំអំពីរបៀបនៃការរៀនដោយត្រូវ៖
១៖ រៀនគិតឱ្យបានត្រឹមត្រូវ គិតឱ្យមានប្រយោជន៍
២៖ រៀននិយាយឱ្យត្រូវ តាមប្រធានបទ និយាយគេស្ដាប់បាន
៣៖ រៀនស្ដាប់ឱ្យបានច្បាស់ ស្ដាប់ដោយផ្ដោតអារម្មហ៍
៤៖ រៀនកត់ត្រា ស្ដាប់ហើយកត់ត្រាយកចំណុចសំខាន់ៗ
៥៖ រៀនត្រូវចេះសួរ ចេះបង្កើតសំណួរដោយខ្ឡួនឯង
៦៖ រៀនឆ្លើយ គឺឆ្លើយឱ្យត្រូវនិងសំណួរ ឆ្លើយចំណុចសំខាន់ៗ
បន្ទាប់មកលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ និងសំណូមពរមួយចំនួនដល់និស្សិត៖
១៖ ត្រូវស្វែងយល់ពីវប្បធម៌របស់ឆែកឱ្យបានច្បាស់ តាំងពីដើមរហូតមកដល់ពេលដែលប្រទេសរីកចម្រើនដូចសព្វថ្ងៃ។
២៖ ត្រូវស្គាល់ពីបាវចនាជាតិ និងចម្រៀងភ្លេងជាតិខ្លួនឯង ព្រមទាំងអត្ថន័យឱ្យបានច្បាស់លាស់
៣៖ ត្រូវគិតថាការទៅរៀននេះ គឺជាការចូលរួមចំណែកការកសាង និងអភិវឌ្ឍន៍ជាតិរបស់ខ្លួន
៤៖ សូមលើកទឹកចិត្តក្មួយៗថា ការរៀនសូត្រគឺជាការប្រយុទ្ធ ដើម្បីឱ្យបានការទទួលស្គាល់ជាផ្លូវការរបស់ជាតិ
៥៖ សូមក្មួយៗត្រូវចេះកសាងមិត្តភាពរវាងគ្នា និងគ្នារវាងខ្លួនឯងជាមួយលោកគ្រូ អ្នកគ្រូ ទាំងអស់
៦៖ សូមយកការចេះដឹងជំនាញដែលទទួលបាន មកកសាងប្រទេសជាតិវិញ និងចែករំលែកដល់អ្នកដ៏ទៃ
៧៖ ត្រូវយកចិត្តទុកដាក់រក្សាសុខភាពខ្លួនឯងឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត
៨៖ រក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយស្ថានទូតខ្មែរ ឬសមាគម ឬក្រុមយុវជនដែលមាននៅទីនោះ
៩៖ លើកទឹកចិត្តក្មួយៗ ឱ្យតាំងខ្លួនឯងម្នាក់ៗ ជាទូតសុឆន្ទៈ១រូបរបស់ប្រទេសខ្លួន
ជាទីបញ្ចប់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី លើកទឹកចិត្ត និងគាំទ្រដល់ជយលាភីទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងត្រូវគិតថាជយលាភីម្នាក់ ជាបញ្ញវន្តម្នាក់របស់កម្ពុជា មានសេចក្ដីថ្លៃថ្នូរ និងជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា។ ជាមួយគ្នានេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានជូនសៀវភៅរបាយការណ៍សមិទ្ធផលសុខាភិបាលឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្ត របស់ក្រសួងសុខាភិបាលជូនដល់និស្សិតម្នាក់ៗចំនួនមួយក្បាលផងដែរ៕