(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានស្នើដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ចូលរួមផ្ដល់ឈាមឱ្យគ្រប់ៗគ្នា ដែលមានលទ្ធភាពអាចផ្ដល់ឈាមបាន និងសូមផ្ដល់ឈាមជាទៀងទាត់ ដើម្បីមានឈាមស្ដុកទុក សម្រាប់ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ដែលដង្ហើយហៅរកឈាម ដើម្បីសង្គ្រោះជីវិត ពិសេសស្ដ្រីងាយរងហានិភ័យ ពេលសម្រាលកូន។
ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងបានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យព្រះអង្គឌួង របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលរៀបចំឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
លោកសាស្រ្ដាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា អង្គការសុខភាពពិភពលោកបានបញ្ជាក់ច្បាស់ហើយថា ការផ្ដល់ឈាមជាគោលដៅធំរបស់សកលលោក ហើយសម្រាប់ប្រទេសគេ គឺការស្ម័គ្រចិត្ដផ្ដល់ឈាមមានរហូតដល់ទៅជិត១០០% ឈានទៅដល់មានឈាមស្ដុកទុកលើសពីតម្រូវការ។ «ដូច្នេះហើយសំណូមពរដល់មន្ដ្រីសុខាភិបាលយើង ចូលរួមផ្ដល់ឈាម ហើយផ្ដល់ឈាមជាទៀងទាត់ និងស្នើដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ត្រូវរិៈរកវិធីសាស្ដ្រ ក្នុងការកៀរគររកអ្នកស្ម័គ្រចិត្ដដើម្បីមានឈាមគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជនងាយរងគ្រោះគ្រប់រូបភាព ដែលត្រូវការឈាមជាចាំបាច់ដើម្បីសង្គ្រោះផុតពីសេចក្ដីស្លាប់ ពិសេសសម្រាប់ស្ដ្រីមានផ្ទៃពោះត្រៀមសម្រាលកូន ដែលមានហានិភ័យខ្ពស់»។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានបន្ដថា «យើងគ្រប់គ្នាត្រូវគិតថា ការផ្ដល់ឈាម ត្រូវតែមានកើនឡើងជាបន្ដបន្ទាប់ ព្រោះគ្រប់ជំហាននៃដំណើរទៅមុខ ក្នុងការសង្គ្រោះជាពិសេសនៅក្នុងមន្ទីរពេទ្យ មួយជំហាននៃការសង្គ្រោះគឺមានការលាយឡំទៅដោយការវះកាត់ ការដេររបួស ដែលត្រូវការដាក់ឈាមជាចាំបាច់។ ចឹងគ្រប់ជំហានដំណើរទៅមុខនៃការជួយសង្គ្រោះ គឺត្រូវការប្រើប្រាស់ឈាម ជាយថាហេតុ។ដូច្នេះការផ្ដល់ឈាមនេះមានសារៈសំខាន់ណាស់ ខណៈដែលរហូតដល់មកដល់ពេលនេះ អ្នកវិទ្យាសាស្ដ្រមិនទាន់រកឃើញថា មានអ្វីអាចផលិត ឬជំនួសឈាមបាននោះទេ»។
ដូចនេះអ្នកដែលបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺបង្ហាញពីអំពើល្អ ទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិត ទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាឆ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេចតែងតែអំពាវនាវលើកទឹកចិត្តជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីបង្ហាញជាទីស្រឡាញ់ ជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុតនៅក្នុងប្រទេស។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែរៀបចំ និងគាំទ្រយុទ្ធនាការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត តាមរយៈមន្ដ្រីទីស្នាក់ការកណ្ដាល និងតាមសាខាកាកបាទក្រហមកម្ពុជា ទាំង២៥ រាជធានី-ខេត្ត។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យ សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាចម្បង និងសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចធិបតី ដែលជាសប្បុរសជនបរិច្ចាគឈាមទៀតទាត់ ជាគំរូសម្រាប់យុវជន កងទ័ព និងប្រជាពលរដ្ឋទូទៅនៅកម្ពុជា ហើយសម្តេចបានចាត់ទុក «ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»។
ក្នុងឱកាសនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំកម្មវិធីនេះឡើង និងសង្ឃឹមយ៉ាងថានឹងបន្តសកម្មភាពដ៏ប្រពៃថ្លៃថ្លានេះ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស។
តាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំកម្មវិធីផ្ដល់ឈាមនេះ ២ឆ្នាំជាប់គ្នា ហើយនេះជាលើកទី២ហើយ ដោយលើកទី១កាលពីឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកសាស្រ្ដាចារ្យរដ្ឋមន្រ្ដី។ លើសពីនោះក្រុមគ្រូពេទ្យនឹងបន្ដផ្ដល់ជាទៀងទាត់នៅឆ្នាំក្រោយទៀតៗ។
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៣កន្លងមក ចំនួនអំណោយឈាមទូទាំងប្រទេសសរុបមាន ១៤៣,១៤៣ប្លោក ដោយចំនួនអ្នកស្ម័គ្រចិត្ដបរិច្ចាគឈាមមិនទទួលកម្រៃមានចំនួន ២៧,៨៣៨ប្លោក ស្មើនឹង១៩.៤%នៃអំណោយឈាមទូទាំងប្រទេស។ ចំនួនឈាមប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួន ១៤៩,២៧៤ប្លោក ។ក្នុងនោះចែកចេញជា៖
* នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមចំនួនទទួលបានអំណោយឈាមសរុប ៩៨,៤៦០ប្លោក ក្នុងនោះអ្នកស្ម័គ្រចិត្ដបរិច្ចាគឈាមមិនទទួលកម្រៃមានចំនួន ១៧,៣៨០ប្លោក ស្មើនឹង១៧.៧%នៃអំណោយឈាមសរុប និងអ្នកស្ម័គ្រចិត្ដជំនួសដោយក្រុមគ្រួសារមានចំនួន ៨១,០៨០ប្លោក ស្មើនឹង ៨២.៣% នៃអំណោយឈាមសរុប។ ចំនួនឈាមប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួន១០៣,៥៤២ ប្លោក។
* នៅមណ្ឌលផ្ដល់ឈាមខេត្ដទទួលបានអំណោយឈាមសរុប ៤៤,៦៨៣ប្លោក ក្នុងនោះអ្នកស្ម័គ្រចិត្ដបរិច្ចាគឈាមមិនទទួលកម្រៃមានចំនួន១០,៤៥៨ប្លោកស្មើនឹង២៣.៤%នៃអំណោយឈាមសរុប និងអ្នកស្ម័គ្រចិត្ដជំនួសដោយក្រុមគ្រួសារមានចំនួន៣៤,២២៥ប្លោក ស្មើនឹង៧៦.៦%នៃអំណោយឈាមសរុប។ចំនួនឈាមប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនមានចំនួន៤៥,៧៣២ ប្លោក។
៦ខែដើមឆ្នាំ២០២៤ ចំនួនអំណោយឈាមទូទាំងប្រទេសសរុបមាន ៨០,៧២៤ប្លោក ដោយចំនួនអ្នកស្ម័គ្រចិត្ដបរិច្ចាគឈាមមិនទទួលកម្រៃមានចំនួន ១៨,០៤០ប្លោកស្មើនឹង២២.៣% នៃអំណោយឈាមទូទាំងប្រទេស។ចំនួនឈាមប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនមានចំនួន៨៦,៩៩៥ប្លោក៕