(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។
សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា ៖ «ក្នុងអភិមង្គលដ៏ប្រពៃថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម សម្តេចកិត្តិសង្គហបណ្ឌិត នៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៤នេះ ក្នុងនាមខ្ញុំ និងមន្ត្រី បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្តទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមចូលរួមអបអរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូន សម្តេចកិត្តិសង្គហបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាវាងវៃ និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការដឹកនាំអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តែងនូវការកោតសរសើរចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ដែលជាឥស្សរជននយោបាយដ៏ឆ្នើមមួយរូប បានធ្វើពលិកម្មកម្លាំងកាយ ចិត្ត និងបញ្ញាញាណ ក្នុងការរួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព វិបុលភាព និងកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ទាំងក្នុងអាណាចក្រ ពុទ្ធចក្រ និងមនុស្សធម៌ ពោរពេញដោយស្នាដៃជាច្រើនគួរជាទីមោទនៈ ជូនជាតិមាតុភូមិដ៏ឧត្តុង្គឧត្តមនៃយើង។ ជាមួយគ្នានេះ ក្នុងឋានៈជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត បាននិងកំពុងបន្តរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម ការគោរពរដ្ឋធម្មនុញ្ញ ការពាររបប រាជានិយម លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋរឹងមាំដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងថ្ងៃដ៏សិរីមង្គលប្រពៃថ្លៃថ្លានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រុកម្ពុជាសូមជួយអភិបាលប្រោះព្រំថែរក្សា ប្រទានសព្វសាធុការពរជ័យ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖