(ភ្នំពេញ)៖ «គ្រាន់តែស្លឹកគ្រៃ ក៏នាំចូលពីយួនដែរ» នេះជាមតិរបស់ពលរដ្ឋខ្មែរយើងភាគច្រើន ខណៈពួកគាត់ទទួលបានព័ត៌មានតាម ហ្វេសប៊ុកថា ក្នុងមួយថ្ងៃៗ ខ្មែរយើងនាំស្លឹកគ្រៃចូលពីប្រទេសវៀតណាមរហូតដល់ទៅ៥០តោន តែតាមការសង្កេត អ្នកដែលបញ្ចេញប្រតិកម្មខ្លាំងៗទៅនឹងការនាំស្លឹកគ្រៃចូលពីក្រៅប្រទេសនេះ ភាគច្រើនពួកគាត់ជិតដល់ម៉ោងស្ល ច្រើនតែរត់ទៅទិញស្លឹកគ្រៃនៅឯផ្សារឬដើរសុំស្លឹកគ្រៃពីអ្នកជិតខាងតែប៉ុណ្ណោះ។
តាមពិតស្រុកខ្មែរយើងនាពេលបច្ចុប្បន្ននេះប្រសិនបើម្នាក់ៗឧស្សាហ៏ម្នាក់ៗចេះសន្សំតាំងពីរឿងកំប៉ិកកំប៉ុកម្ទេស ជី ខ្ទឹម ស្លឹកគ្រៃ...ឡើងទៅនោះ ម៉្លេះស្រុកខ្មែរដែលមានប្រជាជនតែជាង១៥លាននាក់ មិនចង់ស្មើនឹងប្រជាជននៅខេត្តមួយ នៃបណ្ដាលប្រទេសជិតខាងរបស់យើងផង ដូចជាវៀតណាម ថៃជាដើមនោះ មិនដល់ថ្នាក់គ្រាន់តែជី ស្លឹកគ្រៃ ខ្ទឹម ម្ទេស ខ្ញី....ត្រូវធ្វើការនាំចូលយកមកលក់ឲ្យខ្មែរទទួលទានដែលនោះទេ។
ដើមឡើយគេធ្លាប់តែឃើញអាជីវករ អ្នកស្រែ អ្នកចំការនាំបន្លែ ផ្លែឈើពីស្រុកស្រែចំការយកមកលក់ឲ្យអ្នកទីក្រុងតែបច្ចុប្បន្ននេះ ភាគច្រើនបែរជាឃើញតែអ្នកស្រែ អ្នកចំការឡើងមកភ្នំពេញទិញបន្លែ ផ្លែឈើដឹកយកទៅលក់នៅឯស្រែវិញ ខណៈដែលគេដឹងថាបច្ចុប្បន្នផ្សារដើមគរ ផ្សារនាគមាសនៅទីក្រុងភ្នំពេញ គឺជាកន្លែងបោះដុំបន្លែ ផ្លែឈើនាំចូលមកពីប្រទេសវៀតណាម និងប្រទេសថៃធំជាងគេ រហូតដល់សូម្បីតែជី ស្លឹកគ្រៃ និងបន្លែងាយដាំមួយចំនួនទៀតក៏ត្រូវបានគេនាំ ចូលពីប្រទេសវៀតណាមយកមកលក់ឲ្យប្រជាពលរដ្ឋខ្មែរទិញ យកទៅទទួលទានដែលនោះ។
ដើម្បីចូលរួមកាត់បន្ថយការនាំចូលបន្លែដែលមិនគួរនឹងនាំចូលមួយចំនួនដូចជាជី ស្លឹកគ្រៃ ម្ទេស ខ្ញី។ល។នោះ ពលរដ្ឋខ្មែរគ្រប់រូបគួរតែនាំគ្នាធ្វើការដាំដុះទាំងអ្នក ទីក្រុង ទាំងអ្នកជនបទ ព្រោះរុក្ខជាតិទាំងអស់នេះងាយស្រួលដាំ និងថែទាំ និងមិនរើសទីតាំងប៉ុន្មាននោះឡើយ សូម្បីតែនៅលើផ្ទះថ្ម មុខផ្ទះ ក្បែរពាងទឹក គេប្រើតែកូនផើង ធុងស្នោ កំប៉ុង....ក៏គេអាចដាំជី ស្លឹកគ្រៃ ម្ទេស ខ្ទឹម រំដេង ខ្ជាយ...បានផលទុកទទួលទានជាលក្ខណៈគ្រួសារដោយមិនចាំបាច់ទិញនៅផ្សារបានដែរ។ប៉ុន្តែ
ទំលាប់ខ្ជិល ទំលាប់ដាំនាំតែពិបាក អស់តែ៥០០រៀល ១០០០រៀលទិញស្រាប់វាមិនស្រួលជាង ដែលគំនិតនេះហើយគឺជា ដើមចោមធ្វើអោយប្រទេសមួយ ដែលដីមានជីវជាតិ អាកាសធាតុល្អ ជាប្រទេសល្បីខាងកសិកម្មនោះ បែរជាសូម្បីតែស្លឹកគ្រៃ ក៏ខ្មែរនាំចូលពីក្រៅប្រទេសយកមកទទួលទានដែរ។
បើខ្មែរម្នាក់ៗចង់លប់បំបាត់ឬកាត់បន្ថយការនាំចូលបន្លែ ផ្លែឈើដែលមិនចាំបាច់នាំចូលពីប្រទេសជិតខាង ខ្មែរគ្រប់គ្នាគួរតែនាំគ្នាធ្វើការដាំដុះអោយបានគ្រប់ៗគ្នា ទោះបីស្លឹកគ្រៃមួយគុម្ព ម្ទេសមួយដើម ជីមួយផើង ក៏វាអាចកាត់បន្ថយការនាំចូលបានខ្លះដែរ ខណៈបន្លែផ្លែឈើនាំចូលទាំងអស់នោះក៏ត្រូវបានគេដឹងថា ភាគច្រើនប្រើថ្នាំគីមីច្រើនទៀតនោះ ក៏វានាំអោយបង្ករគ្រោះថ្នាក់សំរាប់អ្នកទិញទទួលទានផងដែរនោះ៕