(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ រៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រសួងធម្មការ និង សាសនាបន្តបណ្តុះបណ្តាលឱ្យបានជាប់ជាប្រចាំ ព្រោះការបើកវគ្គបណ្តុះបណ្តាលនេះ គឺ ជាយន្តការដ៏មានប្រសិទ្ធភាពបំផុតសម្រាប់លុបបំបាត់នូវវិបត្តិអាចារ្យក្នុង សង្គមខ្មែរ ហើយឈានឆ្ពោះទៅរកការឯកភាពគ្នាទាំងពិធីកម្មនៅក្នុងសាសនពិធី និង ពិធីមង្គលផ្សេងៗ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា គឺជាដែនដីដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ហើយខ្មែរ គឺជាជនជាតិដែលមានអរិយធម៌ វប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ ដ៏ចំណាស់មួយ ព្រមទាំងមានអច្ឆរិយវត្ថុយ៉ាងច្រើនឥតគណនា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិធីបុណ្យបែបព្រះពុទ្ធសាសនាក្តី, ពិធីមង្គល និង ពិធីកម្មបែបប្រពៃណី ទំនៀមទម្លាប់បុរាណក្តី, ខ្មែរយើងមានទម្រង់បែបបទជាច្រើន ព្រមទាំងមានបង្កប់ទៅដោយ គោលគំនិត គតិបណ្ឌិត និង ទស្សនវិជ្ជាអប់រំ សម្រាប់ការរស់នៅរបស់មនុស្សគ្រប់រូបប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ហើយគុណតម្លៃដែលកើតចេញពីប្រភពខាងលើនេះគឺជាធាតុសកម្មមួយ ធ្វើឱ្យសង្គម មាននូវសាមគ្គីធម៌ សង្គហធម៌ សុខដុមរមនា សុខុមាលភាព និង ភាពរីកចម្រើនរុងរឿង ព្រមទាំងអាច រក្សាបាននូវអត្តសញ្ញាណជាតិជាខ្មែរទៀតផង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រពៃណី ទំនៀមទម្លាប់ និង វប្បធម៌ខ្មែរ បានធ្លាក់ដល់ចំណុចសូន្យនៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយវត្តអារាមត្រូវបានបំផ្លាញ, គម្ពីរធម៌ និង ក្បួនច្បាប់តម្រាប់តម្រា ត្រូវបានដុតកម្ទេច និងការប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់ និង ជំនឿសាសនា ត្រូវបានហាមឃាត់ទាំងស្រុង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែអថា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលគ្រប់នីតិកាលនៃរដ្ឋសភា, កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនគ្រប់វិស័យ, មានការទទួល ស្គាល់ជាអន្តរជាតិ, និង មានការគោរពប្រណិប័តន៍ជំនឿសាសនា ដោយសេរី និង គ្មានការរើសអើង ដែលជាសមិទ្ធផលនៃការខិតខំកសាងឡើងវិញដ៏សែនលំបាករបស់រាជរដ្ឋាភិបាល និង គណបក្សប្រជា-
ជនកម្ពុជា ក្នុងរយៈពេលជាង ៤ទសវត្សរ៍កន្លងទៅនេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាចារ្យ អាចារិនី ក្នុងនាមជានាយកជន (អ្នកដឹកនាំ) ក្នុងពិធីកម្មផ្សេងៗ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌, មិនត្រឹមតែមានភាពឆ្លាតក្នុងការដឹកនាំគេឱ្យអនុវត្តបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានពហុចំណេះដឹង ទាំងផ្លូវលោក ផ្លូវធម៌ និង ពិធីកម្មផ្សេងៗ ច្បាស់លាស់ ទៅតាមក្បួនច្បាប់ពី បុរាណ ដែលដូនតាយើងបានបន្សល់ទុកឱ្យ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអនុវត្តក្នុងទម្រង់នៃពិធីកម្មនានា ត្រូវធ្វើយ៉ាងណាឱ្យមានសង្គតិភាព និងមានលក្ខណៈស្របគ្នាពីតំបន់មួយទៅតំបន់មួយ, ចៀសវាងមានភាពផ្ទុយគ្នា នាំឱ្យកើតមានជាទំនាស់ក្នុងការប្រារព្ធពិធី ដែលបណ្ដាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ និង ធ្វើឱ្យមានការចម្លងខុសតៗគ្នាបន្តទៀត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាចារ្យ អាចារិនី ត្រូវប្រព្រឹត្តឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យព្រះពុទ្ធសាសនា និងសីលធម៌សង្គម, កសាងខ្លួនឱ្យក្លាយទៅជាបុគ្គលដែល គួរទទួលបាននូវការគោរព ការស្រឡាញ់ និង ការជឿទុកចិត្ត ពីប្រជាជន មហាជននៅមូលដ្ឋាន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាចារ្យ អាចារិនី ក្រៅពីមានតួនាទីដឹកនាំរៀបចំពិធីកម្មផ្សេងៗ ក៏អាចចូលរួមសកម្មភាពជួយដល់សង្គម តាមរយៈផ្តល់ការអប់រំ ប្រជាជន យុវជន កូនចៅរបស់ប្រជាពលរដ្ឋឱ្យវៀរចាកទុច្ចរិត និង អំពើអបាយមុខ ផ្សេងៗ, ដូចជា គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អំពើហិង្សា និង ការជួញដូរមនុស្ស ជាដើម, ហើយសកម្មភាពនេះ នឹងរួមចំណែកដល់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
* សម្តេចធិបីត ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធពិធីកម្មនានា ត្រូវមានការឯកភាពគ្នាឱ្យត្រូវតាមក្បួនខ្នាតរបស់ខ្មែរ ដើម្បីកុំឱ្យមានជម្លោះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យពិធីកម្មនានាមានស្តង់ដានៃការរៀបចំកម្មវិធីដូចគ្នា។ កុំឱ្យរបៀបធ្វើកម្មវិធីតាមរបៀបអាចារ្យនេះ ឬអាចារ្យនោះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តផ្ដោតលើអាទិភាព ចម្បងៗ ជាពិសេសការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដូចជា (១). ផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព តម្លាភាព និង ទទួលបានជំនឿទុកចិត្ត, (២). គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទ, (៣). មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍, (៤). គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និង កុមារ គ្មាន អំពើហិង្សាក្នុងគ្រួសារ និង គ្មានក្មេងទំនើង, (៥). ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព, (៦). មាន អនាម័យ មានសោភ័ណភាពល្អ និង មានបរិស្ថានល្អ, (៧). ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និង រាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វប្បធម៌ អរិយធម៌ខ្មែររុងរឿងខ្លាំង គឺនៅពេលដែលជាតិខ្មែរខ្លាំង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកមានទស្សនៈស្រប ឬមិនស្របក្នុងរឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ គឺសុទ្ធតែខ្មែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចេញទស្សនៈកុំមានពាក្យពេចន៍នាំដល់ហិង្សា និងការបែកបាក់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឱ្យរឹងមាំ គឺត្រូវរួមគ្នាអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពពលរដ្ឋខ្មែរនៅភាគឦសានឱ្យកាន់តែរីកចម្រើន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ល្បែងឡូតូដែលហួសសុពលភាព សម្តេចមិនអនុញ្ញាតច្បាប់ឱ្យទៀតនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្តាប់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺជារឿងចាំបាច់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ទោះដក ឬមិនដក បើគ្មានឆន្ទៈការពារទឹកដី និងអធិបតេយ្យជាតិ គឺគង់តែបាត់បង់។ ដូច្នេះដើម្បីការពារទឹកដី និងអធិបតេយ្យជាតិ ត្រូវតែមានឆន្ទៈក្នុងកិច្ចការពារ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៥ឆ្នាំបោះឆ្នោតម្តង ដូច្នេះពលរដ្ឋសម្រេចចិត្តតាមការបោះឆ្នោតទៅ កុំឈ្លោះគ្នា កុំបែកបាក់គ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋអាចបញ្ចេញទស្សនៈរបស់ខ្លួន តែកុំមានជម្លោះ និងការបែកបាក់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងតំបន់អភិវឌ្ឍន៍ត្រីកោណ មានទស្សនៈ៣ប្រភេទ គឺអ្នកសង្ស័យបាត់បង់ទឹកដី អធិបតេយ្យ, អ្នកមិនបារម្ភ និងអ្នកមិនខ្វល់អ្វីទាំងអស់ តែសុំកុំឱ្យបាត់បង់ទឹកដី បាត់បង់អធិបតេយ្យ បង្កើនការរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកិច្ចអភិវឌ្ឍន៍នៅខេត្តទាំង៤នៅភាគឦសាន្ត។ សម្រាប់សម្តេចធិបតី ទស្សនៈទី៣ មានចំនួនច្រើនជាងគេ ហើយជារឿងដែលរាជរដ្ឋាភិបាលត្រូវប្រឹងប្រែងឆ្លើយតប។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណុចទី៤នៃទស្សនៈរបស់មនុស្សក្រុមទី៣ គឺការមិនចង់ឃើញប្រទេសបែកបាក់ និងរក្សាបានអស្ថិរភាព ដូច្នេះត្រូវតែឆ្លើយតបឱ្យបានជូនប្រជាពលរដ្ឋសម្រាប់បំណងនេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែរមិនចង់ឃើញការបែកបាក់ជាតិនោះឡើយ។ សម្តេចធិបតី បានថ្លែងថា ការបញ្ចេញមតិត្រូវមានក្រមសីលធម៌ ហើយកុំធ្វើឱ្យបែកបាក់គ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសប្តេជ្ញាធ្វើឱ្យបាននូវការការពារទឹកដី អធិបតេយ្យក្នុងខេត្តទាំង៤នៅភាគឦសាន និងបន្តជំរុញឱ្យកិច្ចអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន សម្រាប់កូនខ្មែរជំនាន់ក្រោយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ១៩៩៩ នៅរដ្ឋសភាមិនមែនមានតែបក្សប្រជាជនកម្ពុជានោះទេ គឺមានបក្សច្រើនរួមទាំងបក្ស សម រង្ស៉ី ផងដែរ ហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការបរទេសឱ្យសួររដ្ឋាភិបាលជប៉ុន តើយល់យ៉ាងណាចំពោះពលរដ្ឋខ្មែរយកដីជប៉ុន រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលខ្មែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាខ្លាចមែន ខ្លាចណាស់ខ្មែរបែកបាក់គ្នា ខ្មែរត្រូវរងគ្រោះពិការឡើងវិញព្រោះសង្គ្រាម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងធម្មការ និង សាសនា ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ សម្រាប់អាចារ្យ អាចារិនី ដើម្បីបំពេញតម្រូវការរបស់ប្រជាជននៅទូទាំងប្រទេស ចំពោះវិស័យដ៏សំខាន់នេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអាចារ្យ អាចារិនី បង្កើនសាមគ្គីភាពល្អជាមួយពុទ្ធបរិស័ទ ព្រះសង្ឃ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ហើយប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួន។ ជួយទប់ស្កាត់សកម្មភាពការយកសាសនា ធ្វើអាជីវកម្ម, បម្រើព្រះពុទ្ធសាសនាប្រជាជនគ្រប់មជ្ឈដ្ឋាន រក្សាឱ្យបាននូវប្រពៃណីវប្បធម៌ដ៏ល្អផូរផង់ របស់ខ្មែរយើង និង ចូលរួមចំណែកអប់រំ សំដៅលុបបំបាត់ការប្រើប្រាស់ និង ការជួញដូរគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្សក្មេងទំនើងជាដើម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អាចារ្យ អាចារិនី ដែលមានតួនាទីជាគណៈកម្មការ អាចារ្យវត្ត បង្កើនកិច្ចសហការល្អជាមួយព្រះសង្ឃហើយប្រកាន់ភ្ជាប់ស្មារតីជានិច្ចថា អាចារ្យ អាចារិនី គឺជាសេនាធិការ ឬជាវេយ្យាវច្ចករ (អ្នកបម្រើព្រះសង្ឃ) ដូច្នេះមិនត្រូវសម្ដែងសកម្មភាពណាមួយមិនថាដោយកាយក្តី វាចាក្តី ចិត្តក្តី ដែលមិនសមរម្យចំពោះព្រះសង្ឃ ដែលជាហេតុនាំឱ្យកើតមាននូវវិវាទធ្វើឱ្យប៉ះពាល់ដល់ គុណតម្លៃ និង សេចក្តីថ្លៃថ្នូររបស់វត្ត ក៏ដូចជាកិត្យានុភាពនៃព្រះពុទ្ធសាសនាជាតិយើងឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអាចារ្យ អាចារិនី រក្សាឱ្យបាននូវគុណធម៌ខ្ពស់ ចៀសវាងការប្រព្រឹត្តខុសឆ្គងដោយ ប្រការណាមួយ ការប្រកាន់បក្សពួក និន្នាការនយោបាយ រើសអើងវណ្ណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូររបស់អាចារ្យ អាចារិនី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ក្រសួងធម្មការ និងសាសនា ត្រូវធ្វើបច្ចុប្បន្នភាពលើ ឯកសារសម្រាប់បង្រៀន ធ្វើយ៉ាងណា ឱ្យការប្រតិបត្តិនៅក្នុងសាសនពិធី និង ពិធីអាពាហ៍ពិពាហ៍មានការឯកភាពគ្នា។ ទន្ទឹមនេះក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការបណ្តុះបណ្តាល និង តម្រង់ទិស ដល់ តួអង្គប្រតិបត្តិករ ក្នុងការអនុវត្តនូវពិធីកម្មសាសនា និង ពិធីផ្សេងៗ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងធម្មការ និងសាសនា ត្រូវរៀបចំឡើងវិញឱ្យមានសមាគមអាចារ្យខ្មែរ ដើម្បីធ្វើយ៉ាងណាធានានិរន្តរភាព ក្នុងការកសាងបាននូវមូលធនអាចារ្យប្រកបដោយសមត្ថភាព និងចំណេះដឹងខ្ពស់ ចូលរួមថែរក្សា ការពារ ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិឱ្យបាន គង់វង្សជានិច្ចនិរន្តរ៍។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអាចារ្យ អាចារិនី បន្តប្រព្រឹត្តឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យសាសនា និងសីលធម៌ សង្គម កសាងខ្លួនឱ្យក្លាយទៅជាបុគ្គលដែលទទួលបាននូវការគោរព ស្រឡាញ់ និង ការជឿទុកចិត្តពី ប្រជាជនមហាជននៅមូលដ្ឋាន។ ក្នុងនាមជាអាចារ្យ អាចារិនី ក្រៅពី មានតួនាទីដឹកនាំ រៀបចំពិធីកម្ម ផ្សេងៗ, ចូលរួមសកម្មភាពសង្គមនានា តាមរយៈការផ្តល់ការអប់រំប្រជាជន យុវជន កូនចៅរបស់ ប្រជាពលរដ្ឋ ឱ្យវៀរចាកអំពើអបាយមុខផ្សេងៗ, ដូចជា គ្រឿងញៀន សកម្មភាពក្មេងទំនើង ល្បែង- ស៊ីសង អំពើហិង្សា និង ការជួញដូរមនុស្សជាដើម ដើម្បីរួមចំណែកដល់ការពង្រឹង ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ១០៖២៧នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនា ផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕