(ពោធិ៍សាត់)៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសមុខតំណែង អភិបាលរងខេត្តពោធិ៍សាត់, ដោយលោក ហេង សុភាណា ជំនួសលោក ចេង ឡៃ ដែលត្រូវទទួលតំណែងថ្មី ជាសមាជិកក្រុមប្រឹក្សាខេត្ត។
ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្ត, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ប្រតិភូថ្នាក់ជាតិ, តំណាងសាលាដំបូងខេត្ត, មន្ទីរអង្គភាពនានាជុំវិញខេត្ត, អភិបាលក្រុង/ស្រុកទាំង៧, ក្រុមប្រឹក្សាឃុំ/សង្កាត់ទាំង៤៩, កងកម្លាំប្រដាប់អាវុធ និងមន្ត្រីរាជការជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ លោក ប្រាក់ សំអឿន បានធ្វើការផ្តាំផ្ញើលោក ហេង សុភាណា ដែលទើបទទួលមុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់ ជំនួសលោក ចេង ឡៃ ដែលត្រូវទទួលតំណែងថ្មី ជាសមាជិកក្រុមប្រឹក្សាខេត្ត ហើយការតែងតាំងមុខតំណែងនេះ ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាព បទពិសោធន៍ការងារ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ចេង ឡៃ ដែលបានខិតខំបំពេញការងារក្នុងការចូលរួមដឹកនាំកសាង និងអភិវឌ្ឍខេត្ត ក្នុងមុខតំណែងជាអភិបាលរងខេត្តកន្លងមក ធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកសូមអបអរសាទរលោក ហេង សុភាណា ដែលត្រូវបានថ្នាក់ដឹកនាំ ផ្តល់សេចក្តីទុកចិត្ត តែងតាំងមុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់ នាពេលនេះ ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
លោកសូមឱ្យយកចិត្តទុកដាក់ អនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការ វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបបានទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវពង្រឹងកិច្ចការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាក់ស្តែងដូចជាការបំផុសចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាល និងយកកម្ពុជាទៅប្រៀបជាមួយបង់ក្លាដេស គឺត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។
គួរជម្រាបជូនថា យោងអនុក្រឹត្យ លេខ៨០៩ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ត្រូវបានតែងតាំង លោក ហេង សុភាណា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលស្រុកភ្នំក្រវាញ ឱ្យកាន់មុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់។ ចំពោះបទពិសោធន៍ការងារ របស់លោក ហេង សុភាណា ជាគ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន កណ្តៀង (ឆ្នាំ២០០១), ជាគ្រូបង្រៀនវិទ្យាល័យពោធិ៍សាត់ (ឆ្នាំ២០០៥), ជាបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្ត (ឆ្នាំ២០០៩), ជាប្រធានការិយាល័យសាលាខេត្ត (ឆ្នាំ២០១០), ជានាយករងទីចាត់ការសាលាខេត្ត (ឆ្នាំ២០១២), ជានាយកទីចាត់ការសាលាខេត្ត (ឆ្នាំ២០១៣), ជានាយករដ្ឋបាលសាលាខេត្ត (ឆ្នាំ២០១៤), ជាអភិបាលស្រុកវាលវែង (ឆ្នាំ២០១៤), ជាអភិបាលស្រុកភ្នំក្រវាញ (ឆ្នាំ២០២១) រហូតក្លាយជាអភិបាលរងខេត្តពោធិ៍សាត់ នាពេលបច្ចុប្បន្ន៕