(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ រៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ពិធីសំណេះសំណាលនាពេលនេះ កើតចេញពីមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការ​អភិវឌ្ឍលើគ្រប់ វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងភាព​ប្រាកដ​និយម​របស់សម្តេចធិបតីនាយករដ្ឋមន្តី និងការរួមចំណែកគាំទ្រពីភាគីពាក់ព័ន្ធនានា បានធ្វើឱ្យសាសនា ប្រពៃ​ណី ទំនៀមទម្លាប់របស់ខ្មែរយើង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ អត្តសញ្ញាណរបស់ខ្លួន រហូតមកទល់​បច្ចុប្បន្ននេះ។ សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការជួយពង្រឹង​និងអប់រំសីលធម៌ ចរិយាធម៌សង្គម ដែលជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយបញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមាន សុខ​សន្តិភាព ស្ថិរភាព ប្រជាជនរស់នៅប្រកបដោយ ភាពថ្លៃថ្នូរ មានសុខដុមរមនាជាមួយគ្នា ចាកផុតពីការ​រើស​អើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សា​ផ្សេងៗ​ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូលផងដែរ។

ក្រៅពីដំណើរការកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» ដែលជាកម្មវិធីផ្តល់ការអប់រំ តាម​រយៈ​ព្រះធម៌ទេសនា ការស្រាវជ្រាវចងក្រងប្រវត្តិវត្តអារាមនៅទូទាំងប្រទេសក្បួនតម្រាផ្សេងៗ ការបោះ​ពុម្ព​សៀវភៅនានា សម្រាប់បង្រៀននៅក្នុងវិស័យ ពុទ្ធិកសិក្សា កម្មវិធីទស្សនទានព្រះពុទ្ធសាសនា ការផលិត​វីដេអូខ្លី ដើម្បីការអប់រំសីលធម៌ ចរិយាធម៌ ការបង្ហាញពីវិធីប្រតិបត្តិតាម ទំនៀមខ្មែរ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និងនៅតាមទីសាធារណៈ ហើយនោះ ការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និង​ក្រមសីលធម៌ អាចារ្យ អាចារិនីខ្មែរ នាពេលកន្លងមក ក៏ចាត់ទុកជា កម្មវិធីអាទិភាពមួយ ដែលទទួល​បាន​នូវលទ្ធផលដ៏ត្រចះត្រចង់របស់ក្រសួងធម្មការនិងសាសនា។ លទ្ធផលទាំងនេះកើតចេញពីស្មារតីនៃ​ការ​អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ស្ដីពីវិបត្តិអាចារ្យ។

កត្តានេះ ជំរុញឱ្យក្រសួងធម្មការនិងសាសនា ត្រូវយកចិត្ត ទុកដាក់ខ្ពស់ ប្រកបដោយស្មារតីបុរេសកម្ម ខិតខំស្រាវជ្រាវឯកសារ និងស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងអាចារ្យ ដែលមានចំណេះដឹង ចងចាំ​បាន​​ច្បាស់លាស់នូវពិធីកម្មនានា មានសមត្ថភាពជំនាញខ្ពស់ និងបទពិសោធន៍ជ្រៅជ្រះដើម្បីចូលរួម​បើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ក្នុងគោលដៅតម្រង់ ទិសទៅលើ​ការ​ដឹកនាំរៀបចំសាសនពិធី និងទម្រង់ជើងការនៃពិធី អាពាហ៍ពិពាហ៍ ឱ្យមានលក្ខណៈត្រឹមត្រូវជួយបំពេញ​បន្ថែមដល់ អាចារ្យ អាចារិនី នៅតាមមូលដ្ឋានឱ្យកាន់តែមានចំណេះដឹង ទូលំទូលាយ បង្កលក្ខណៈ​ងាយ​ស្រួលក្នុងការយកទៅអនុវត្ដឱ្យស្រប ទៅនឹងក្បួនច្បាប់ ដែលបានកំណត់ទុកពីបុរាណរៀងមក និងឱ្យ មាន​ការយល់ស្របជាទម្រង់នៃការប្រតិបត្តិ ពីតំបន់មួយទៅតំបន់ មួយនៅទូទាំងប្រទេស។

គិតមកទល់បច្ចុប្បន្ននេះ ក្រសួងបានបើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានចំនួន ៤៥វគ្គ រួច មកហើយ មានសិក្ខាកាមជា អាចារ្យ អាចារិនី បានចូលមកសិក្សា ចំនួន១២ ៥១៧អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ៨៦១ព្រះអង្គ អាចារិនី ១៩០នាក់។

ចំនួនអាចារ្យដែលបានបណ្ដុះបណ្ដាលហើយ នេះ នៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការ​របស់​ពុទ្ធ​បរិស័ទ​នៅឡើយទេ កត្តានេះ ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បីបំពេញទៅតាម​តម្រូវការ​របស់ពុទ្ធបរិស័ទនៅទូទាំងប្រទេស។ ក្រៅពីវគ្គបណ្តុះបណ្តាល អាចារ្យ អាចារិនី ក្រសួងបានបើកវគ្គ បណ្តុះ​បណ្តាលដូនជីបានចំនួន ២វគ្គ ផងដែរ ដោយមានសិក្ខាកាម ជាដូនជីបានចូលមក​សិក្សាមាន​ចំនួន ១,១០៧នាក់។

ក្រោយពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រម សីលធម៌អាចារ្យខ្មែរ ជាលទ្ធផលបានសង្កេតឃើញថា សិក្ខាកាម ទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
១៖ ទទួលបានចំណេះដឹងនិងបទពិសោធន៍ជាច្រើនពីសំណាក់
គ្រូឧទ្ទេសាចារ្យ។
២៖ ទទួលបាននូវឯកសារ ក្បួនច្បាប់ច្បាស់លាស់ និងត្រឹមត្រូវសម្រាប់យកទៅប្រតិបត្តិនិងផ្សព្វផ្សាយបន្ត។
៣៖ ទទួលបាននូវបទពិសោធន៍រវាងសិក្ខាកាមនិងសិក្ខាកាម ការស្គាល់គ្នាពីតំបន់មួយទៅតំបន់មួយ និង​ការផ្លាស់ប្តូរមតិយោបល់គ្នា។
៤៖បានដោះស្រាយនូវចម្ងល់រួម ក្នុងការប្រារព្ធពិធីកម្ម និងពិធី មង្គលនានា ដែលមាន​លក្ខណៈ​ផ្សេងៗគ្នា តាមទម្លាប់ក្នុង តំបន់ឱ្យមានការយល់ស្របគ្នាជាទស្សនៈក្នុងការប្រតិបត្តិ។
៥៖ យល់ដឹងនិងប្រតិបត្តិបានត្រឹមត្រូវតាមតួនាទី ភារកិច្ច និងក្រមសីលធម៌របស់អាចារ្យខ្មែរ។
៦៖ អាចរួបរួមគ្នាបង្កើតបាននូវសាមគ្គីធម៌ រួមចំណែកធ្វើឱ្យមាន សុខដុមនីយកម្មសាសនា និងប្រពៃណី ទំនៀមទម្លាប់។
៧៖ ជាកម្លាំងចលករដ៏សំខាន់ ក្នុងការបន្តថែរក្សា ការពារ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ឱ្យ​ស្ថិតស្ថេរ គង់វង្សអស់កាលជាយូរអង្វែង។

ជារួមក្រោយពីមានការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងតាម​រយៈ​ការផ្សព្វផ្សាយយ៉ាងទូលំ ទូលាយនូវកម្រងឯកសារនានា ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ រួចមក សង្កេតឃើញថា រាល់ការប្រារព្ធពិធីកម្ម ពិធីបុណ្យសាសនា និងពិធីមង្គលផ្សេងៗ ពិតជាមាន​ការចូល​រួម​កែលម្អបានយ៉ាងច្រើនពី សំណាក់ អាចារ្យ អាចារិនី និងប្រជាជន៕