(ភ្នំពេញ)៖ មុខសញ្ញាឆក់យ៉ាងសកម្មចំនួន៧នាក់ត្រូវបានកម្លាំងនគរបាកខណ្ឌទួលគោក ដេញបង្ក្រាបរហូតក្របួចបានទាំងក្រុម​ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប បានសម្រេចពីនារីរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ។

ហេតុការណ៍នេះបានកើតឡើងនាយប់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ជិតវិទ្យាល័យជាសុីមសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

នារីរងគ្រោះ បាននិយាយថា មុនកើតហេតុនាងបានជិះម៉ូតូមួយគ្រឿងម៉ាក Click ចេញពីធ្វើការក្នុងគោលបំណងត្រឡប់ទៅផ្ទះ ដោយជិះម្នាក់ឯងឆ្លងស្ពានអាកាសស្ទឹងមានជ័យ លុះជិះមកដល់មុខវិទ្យាល័យជាសុីមសាមគ្គី ដែលជាកន្លែងកើតហេតុ ក៏លេចមុខជនល្មើស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Dream សង់មកជិះអែបរួចធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបន្ទាប់ពីឆក់បានហើយ ជនសង្ស័យទាំង២នាក់ខាងលើ បានព្យាយាមបើកម៉ូតូគេចចេញពីកន្លែងកើតហេតុ តែត្រូវបាននារីរងគ្រោះស្រែកថាចោរៗ គាប់ជួនពេលនោះ ក៏មានសមត្ថកិច្ចខណ្ឌទួលគោក ដែលល្បាតនៅក្បែរ ឭបានជិះដេញតាមជនសង្ស័យ ពីក្រោយរហូតដល់សាលាទឹកល្អក់។

ភ្លាមនោះជនសង្ស័យបានជិះចូលទៅក្នុងសាលា ដែលមានបក្ខពួក៥នាក់ទៀតអង្គុយចាំនៅក្នុងនោះ ក៏ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ចាប់បានទាំងអស់ និងបានដកហូតកាបូបនារីរងគ្រោះមកវិញរួចជាមួយម៉ូតូ របស់ជនសង្ស័យដែលជិះធ្វើសកម្មភាពផងដែរ។

ក្រោយពីចាប់បាន និងដកហូតសម្ភាររួចមកជនសង្ស័យ ដែលជាមុខសញ្ញទាំង៧នាក់ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងរៀបចំឯកសារបញ្ជួនទៅតុលារការនៅពេលក្រោយ។

ចំណែកកាបូបរបស់នារីរងគ្រោះ​ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ប្រគល់ទៅអោយវិញហើយ៕​