(ភ្នំពេាញ)៖ និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយប្រមាណ ១៣០នាក់ បានចូលរួមស្តាប់ និងពិភាក្សាក្នុងកម្មវិធីអប់រំផ្សព្វផ្សាយ ស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីភាពជាអ្នកដឹកនាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នាព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។

លោក ឌៀប សីហា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ បានថ្លែងការដឹងគុណ ដល់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានផ្តល់ឱកាសឱ្យនិស្សិតនៃសាកលវិទ្យាល័យបានជ្រួតជ្រាបអំពី ភាពជាអ្នកដឹកនាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ ដើម្បីសហគមន៍មានសុខភាពល្អ និងរឿងរ៉ាវទាំងឡាយទាក់ទងដល់ភាពធន់នឹងអាកាសធាតុ ជាពិសេសសាកលវិទ្យាល័យ មានឱកាសបានបង្កើតក្លឹបយុវជនកាកបាទក្រហមកម្ពុជា ដែលមាននិស្សិតចូលជាសមាជិក សមាជិកាប្រមាណជិត ២៥០នាក់ សំដៅចូលរួមសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។

ក្នុងឳកាសនោះលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានអញ្ជើញជាអធិបតី បានថ្លែងសំណេះសំណាល និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងបានគូសបញ្ជាក់ពីសារៈប្រយោជន៍៣ សម្រាប់បំណិនជីវិតដល់ក្មួយៗនិស្សិត ដែលមានដូចជា ១) ការរៀនសូត្រពីភាពជាអ្នកដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ២) អំពីការថែទាំខ្លួនឱ្យមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត, និង៣) ការសម្របខ្លួននិងពង្រឹងភាពធន់ទៅនឹងអាកាសធាតុ។

ជាមួយគ្នានេះ វាគ្មិនពីកាកបាទក្រហមកម្ពុជា ចំនួន២រូប បានធ្វើការផ្សព្វផ្សាយ និងចោទជាសំណួរនានា សំដៅបង្កើននូវចំណេះដឹងស្តីពីប្រវត្តិសារបាន និងគំរូវីរភាពរបស់ថ្នាក់ដឹកនាំ, អំពីបញ្ហាសុខភាព និងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ និស្សិតចំនួន ៩នាក់ ដែលបានឡើងឆ្លើយសំណួរបានត្រឹមត្រូវក៏ទទួលបាននូវវត្ថុអនុស្សារីយ៍ពីក្រុមការងារផងដែរ។

ដោយឡែក ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ក៏បានប្រគល់ជូននូវសៀវភៅសរសេរពីប្រវត្តិ និងសកម្មភាពរបស់ថ្នាក់ដឹកនាំ ជូនដល់ថ្នាក់ដឹកនាំសកលវិទ្យាល័យ សម្រាប់ទុកក្នុងបណ្ណាល័យ ឬក្លឹបយុវជនកាកបាទក្រហមកម្ពុជា ដើម្បីទុកសម្រាប់ដល់និស្សិតសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយដល់យុវជនបន្តវេន៕