(ត្បូងឃ្មុំ)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារអញ្ជើញបើកការដ្ឋាន ស្តារឡើងវិញផ្លូវ ក្រាលកៅស៊ូពីរស្រទាប់ស្តើង(DBST) មានប្រវែង ៣គីឡូម៉ែត្រ ស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សំដៅធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសការដឹកជញ្ជូនកសិផលផ្សេងៗ។
លើកឡើងនាឱកាសនោះលោក ឈឹម សៅគី បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការងារស្ថាបនា ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្ករ ភាពងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញក្នុងតំបន់ជនបទ។
លោក ឈឹម សៅគី បានបន្ថែមថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាពនិងធានាចីរភាពផ្លូវជនបទ ព្រោះផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច រវាងតំបន់ជនបទ ទីក្រុង និងទីប្រជុំជន ព្រមទាំងបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ និងចាំបាច់បំផុតដល់កំណើនសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិតជីវភាពប្រជាជនជនបទ និងកាត់បន្ថយភាពក្រីក្រនៅជនបទជាដើម។
ជុំវិញការស្តារផ្លូវខាងលើនេះដែរ លោក ឈឹម សៅគី ក៏បានស្នើដល់អ្នកទទួលការស្ថាបនា ដែលអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ត្រូវខិតខំប្រឹងប្រែងអនុវត្តផ្លូវនេះឱ្យសម្រេចបានតាមផែនការ និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ សម្រាប់ជាផលប្រយោជន៍ប្រើប្រាស់យូរអង្វែងរបស់ប្រជាពលរដ្ឋ។
នាឱកាសនោះដែរបន្ទាប់ពីការបើកការដ្ឋានផ្លូវខាងលើរួច លោក ឈឹម សៅគី ក៏បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ១០ខ្សែ មានប្រវែងសរុបជាង ១៦១គីឡូម៉ែត្រ ដែលឆ្លងកាត់ស្រុកចំនួន៦ នៅក្នុងខេត្តត្បូងឃ្មុំ, ដោយលោកបានចាត់ទុកផ្លូវរាប់រយគីឡូម៉ែត្រខាងលើនេះ មានសារៈសំខាន់ណាស់ ជាក់ស្តែងផ្លូវទាំងនោះ បាននិងកំពុងសម្រួលដល់ការធ្វើដំណើរ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន លោកក៏បានស្នើរឱ្យអ្នកទទួលអនុវត្តថែទាំបន្ត ត្រូវយកចិត្តទុកដាក់ថែទាំឲ្យបានល្អ មិនថាផ្លូវទីក្រុង ឬផ្លូវជនបទឡើយ។
នាឱកាសនោះលោក ឈឹម សៅគី រួមជាមួយណៈកម្មាធិការអន្តរក្រសួង បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើនកន្លែង, ដោយនៅក្នុងពិធីនោះ លោកបានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលសម្តេចបានខិតខំប្រឹងប្រែងជំរុញឲ្យតំបន់ជនបទមានការអភិវឌ្ឍរីកចម្រើន និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរលោក ឈឹម សៅគី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១៕