(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំចាញ់បោកការញុះញង់របស់ជនអគតិ ជាពិសេសត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជាមួយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
លោកបានធ្វើការអំពាវនាវដូច្នេះ នៅក្នុងវេទិកាពិគ្រោះយោបល់ និងព័ត៌មានថវិកាក្រុមប្រឹក្សាស្រុកស្ទោង នៅឃុំចំណាលើនិងឃុំចំណាក្រោម នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅវត្តខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរ លោកបានបញ្ជាដាច់ខាតដល់កងកម្លាំងទាំងបី ត្រូវក្តាប់ឲ្យបាន នូវស្ថានភាពរួម មុខសញ្ញា ឬមេខ្លោង ដែលញុះញង់ឬ ប្រមូលផ្ដុំគ្នាក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេស បំផ្លាញនូវរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា និងសុខសន្តិភាពដែលមានតម្លៃមិនអាចកាត់ថ្លៃបានត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជាមួយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលជាគុណប្រយោជន៍បន្ថែម លើការអភិវឌ្ឍន៍បច្ចុប្បន្នប្រកបដោយចីរភាព ជាមួយនឹងឃឿនខ្សែក្រវ៉ាត់ការពារព្រំដែន មានផ្លូវក្រវ៉ាត់ព្រំដែនរហូតដល់ទៅ២ជាន់។
លោកបានបន្ថែមថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង លោកការពារនិងគាំទ្រពេញទំហឹងនូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងការពារឲ្យខានតែបាន នូវរាជរដ្ឋាភិបាលស្របច្បាប់ រដ្ឋធម្មនុញ្ញ ហេដ្ឋារចនាសម្ព័ន្ធព្រមទាំងសុខសន្តិភាព ដែលមិនយកអ្វីមកដោះដូរបានឡើយ ហើយជឿជាក់និងគាំទ្រជានិច្ច នូវការគ្រប់គ្រងដឹកនាំប្រទេសដ៏ប៉ិនប្រសប់របស់ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕