(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម និងគណៈមេធាវីកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានបើកប្រជុំផ្សព្វផ្សាយច្បាប់ជាមូលដ្ឋាន ក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងផ្សព្វផ្សាយសេវាការពាក្ដី ជូនជនក្រីក្រដោយមិនយកកម្រៃ តាមរយៈគម្រោងធាវីដល់មូលដា្ឋន។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក លី ចាន់តុលា ប្រធានគណៈមេធាវីកម្ពុជា ចូលរួមដោយមន្ត្រីក្រុមប្រឹក្សារដ្ឋបាលក្រុងកំពង់ចាម និងមន្ត្រីរដ្ឋបាលស្រុកកំពង់សៀម។
លោក លី ច័ន្ទតុលា បានថ្លែងថា តាមរយៈគម្រោងមេធាវីដល់មូលដ្ឋាននាថ្ងៃនេះ លោក លោកស្រីជាថ្នាក់ដឹកនាំ និងជាអាជ្ញធរមូលដ្ឋាន និងទទួលបាននូវ ព័ត៌មានលម្អិតអំពីវិជ្ជាជីវៈមេធាវី យន្តការផ្តល់ជំនួយ ផ្នែកច្បាប់ជូនជនក្រីក្រ និងច្បាប់មូលដ្ឋានសំខាន់នានា ដែលនឹងជាធនធានបន្ថែមដល់លោក លោកស្រី ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបំពេញការងារប្រចាំថ្ងៃ និងផ្តល់សេវាដល់ប្រជាពលរដ្ឋ។
លើសពីនេះ ក៏ជាការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងគណៈមេធាវី មេធាវី និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគ្នាទៅវិញទៅមក និងដើម្បីបង្កើតប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ តាម រយៈកិច្ចសហការជិតស្និទ។ នេះជាការបញ្ជាក់បន្ថែម របស់លោក លី ច័ន្ទតុលា។
លោក អ៊ុន ចាន់ដា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែរបស់ លោក លី ចាន់តុលា ប្រធានគណៈមេធាវី ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ អំពីច្បាប់មូលដ្ឋាន ដែលចាំបាច់ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋាន រួមមាន ច្បាប់ជាមូលដ្ឋាន ក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងសេវាការពារក្តីជូនជនក្រីក្រ ដោយមិនយកកម្រៃតាមរយៈគម្រោងមេធាវីដល់មូលដ្ឋាន ជូនដល់មន្ត្រីមូលដ្ឋានដែលពាក់ព័ន្ធនាពេលនេះ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ឲ្យលោក លោកស្រី ដែលអញ្ជើញមកចូលរួមនៅថ្ងៃនេះ សូមត្រងត្រាប់ស្ដាប់ និងកត់ត្រា នូវខ្លឹមសារគន្លឹះសំខាន់ៗពាក់ព័ន្ធនឹងនីតិវិធី និងវិធីសាស្ត្រ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ នៅតាមមូលដ្ឋាន ពិសេសការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ និងជនងាយរងគ្រោះផងដែរ៕