(ភ្នំពេញ)៖ ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ លោក Christian de Pallière ជា ជនជាតិបារាំង ដែលបានជួយកុមារកម្ពុជារាប់ពាន់នាក់ ពីគំនរសំរាម ឲ្យមានអនាគតភ្លឺស្វាងនោះ បានទទួលមរណភាពហើយ វេលាម៉ោង៦៖៥៨នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយជរាភាព ក្នុងជន្មាយុ៨២ឆ្នាំ។
បុគ្គលិកនៅអង្គការមួយនេះ បានថ្លែងថា លោក គឺជាអ្នកបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ PSE ជាមួយភរិយា តាំងពីឆ្នាំ១៩៩៥ ដោយបានជួយកុមារកម្ពុជារាប់ពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងកុមារទាំងនោះឲ្យទទួលបានការសិក្សា អាហារ និងការស្នាក់នៅសមរម្យ ព្រមទាំងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។
លោកជាជនជាតិបារាំង ហើយដោយសារតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនរបស់លោក, ព្រះមហាក្សត្រកម្ពុជាបានប្រទានសញ្ជាតិខ្មែរជូនលោក។ ជាមួយគ្នានេះអង្គការ PSE បានបញ្ជាក់ពីដំណឹងមរណភាពយ៉ាងដូច្នេះថា លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ ព្រមទាំងកូន ចៅ បុគ្គលិក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ មានទុក្ខក្រៀមក្រំឥតឧបមា ដោយ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា និងជាស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៦៖៥៨នាទីល្ងាច ក្នុងជន្មាយុ៨២ឆ្នាំ។
សពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានអាសយដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខ័ណ្ឌមានជ័យ ភ្នំពេញ (ក្បែរផ្សាសឡា)។
សពនឹងត្រូវដង្ហែទៅកាន់វត្តឫស្សីសាញ់ នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១រសៀល។ ដំណឹងនេះចាត់ទុកជាការយាងអញ្ជើញឯកឧត្តម លោកជំទាវ អ្នកឧកញា លោក-លោកស្រី អ្នកនាង កញ្ញា ព្រមទាំងសិស្សានុសិស្សទាំងអស់ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពតាមការគួរ៕