(ស្ទឹងត្រែង)៖ លោក ម៉ែន គុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាព ប្រធាន អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការសមាសភាពសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងស្ទឹងត្រែង។
ពិធីនេះ បានប្រព្រឹត្តទៅនៅសាលាក្រុងស្ទឹងត្រែង ដោយមានការចូលរួមពី លោក លោកស្រី ដែលជាអនុប្រធានប្រចាំការ លោក លោកស្រីអនុប្រធាន និងសមាជិកគណៈអចិន្រ្តៃយ៍ ស.ស.យ.ក.ខេត្តជាច្រើនរូប។
លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាក្រុងស្ទឹងត្រែង បានថ្លែងថា កន្លងមកនេះ សហភាពសហព័ន្ធកម្ពុជាក្រុងស្ទឹងត្រែង បានខិតខំរៀបចំរចនាសម្ព័ន្ធ កសាងយុវជនបន្តវេន និងកម្លាំងស្នូលដ៏សំខាន់ៗ ប្រកបដោយមនសិកាក្នុងការតភ្ជាប់ចលនាមហាជន យុវជន សំដៅនូវកម្លាំងមូលធនមនុស្សដ៏ទូលំទូលាយ ដើម្បីចូលរួមរាល់សកម្មភាពសង្គម និងមនុស្សធម៌ សម្រេចបាននូវសមិទ្ធផលជាច្រើន។ រចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង មានចាប់ពីថ្នាក់ក្រុង សង្កាត់ និងថ្នាក់ភូមិ ដែលមានចំនួនសរុប ៤៨ នាក់ ដែលប្រកាសទទួលនាពេលនេះ។
លោក ម៉ែន គុង បានបញ្ជាក់ថា ក្នុងនាមលោកផ្ទាល់ សូមថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយុវជន យុវនារី នៃសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងស្ទឹងត្រែងទាំងអស់ ដែលកន្លងមកនេះ បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងបុព្វហេតុសង្គមប្រកបដោយឆន្ទៈ និងការលះបង់ខ្ពស់ រួមចំណែកគាំទ្រដល់ ការបម្រើឲ្យកិច្ចការសង្គម និងការអភិវឌ្ឍនានានៅមូលដ្ឋាន ដោយគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ជាមួយគ្នានេះ លោក ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចែករំលែកជាមួយសមាជិក សមាជិកា ស.ស.យ.ក. ដោយរំឭកអំពីបុព្វហេតុ ប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិក សមាជិកា គ្រប់រូបត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ក៏ដូចជាការចងចាំនៅប្រវត្តិសាស្រ្តដែលជាមេរៀនមិនអាចខ្វះបាន ជាពិសេសតម្លៃនៃសុខសន្តិភាព។
ផ្សាភ្ជាប់ជាមួយនឹងការលើកឡើងខាងលើ លោក ម៉ែន គុង បានគូសបញ្ជាក់ទៅកាន់ពិធីអំពីសកម្មភាពចំបង ក្នុងនាមយុវជនកម្ពុជាត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះគឺប្រជាជាតិ និងប្រជាជន ។
ឆ្លៀតឱកាសនោះដែរ លោក ម៉ែន គុង បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាបន្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន៕