(ភ្នំពេញ)៖ កម្លាំងនគរបាលខេត្តតាកែវ បានចាប់ខ្លួនយុវជនម្នាក់ ដែលញុះញង់ឲ្យមានការបះបោរប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមការអូសទាញ របស់ក្រុមនយោបាយនៅក្រៅប្រទេស។ នេះបើតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងរាធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
ដីកាបង្គាប់ឲ្យនាំខ្លួន បានបញ្ជាក់ថា បុគ្គលរូបនេះ មានឈ្មោះ សាន ផានិត ភេទប្រុស កើតនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០០២ ទីកន្លែងកំណើនឃុំជំរះពេន ស្រុកសំរោង ខេត្ដតាកែវ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្ដតាកែវ។
សូមជម្រាបថា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះបុគ្គល ឬក្រុមទាំងឡាយណា ដែលមានគោលបំណងធ្វើកុបកម្មខុសច្បាប់ ដោយគ្មានការលើកលែងឡើយ។
ការប្រកាសរបស់ នាយឧត្តមសេនីយ៍ បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន គ្រោងធ្វើកុបកម្មដោយខុសច្បាប់ នៅមុខព្រះបរមរាជរាំង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ កុបកម្មនេះ គ្រោងធ្វើឡើងក៏ព្រោះតែមានការបំភ្លៃថា គម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាមាន ៤ខេត្ត ជាគម្រោងកាត់ដីឲ្យប្រទេសដទៃ។
នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះនៅទីនេះ ថ្នាក់ដឹកនាំនៅខាងក្រោយទាំងអស់នេះ គឺសុទ្ធតែជាអ្នកដែលទទួលខុសត្រូវ ខាងផ្នែកសន្តិសុខជាតិ យើងមិនត្រូវនៅស្ងៀម យើងមិនត្រូវអព្យាក្រឹត្យ យើងត្រូវតែគាំទ្រ ការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ នូវរដ្ឋធម្មនុញ្ញ នូវសន្តិភាព និងសមិទ្ធផលនានានៅក្នុងប្រទេសកម្ពុជារបស់យើង»។
លោកបានបន្តថា «នេះយើងត្រូវច្បាស់ទាំងអស់គ្នា មិនមែនគំរាមទេ ក៏ប៉ុន្តែយើងត្រូវធ្វើការបញ្ជាក់ជូននូវអ្វីដែលបងប្អូនយើងមួយចំនួនធំ មិនទាន់ច្បាស់ ឬក៏មិនទាន់បានគិតគ្រប់ជ្រុងជ្រោយ សុំឲ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង ក្នុងការអភិវឌ្ឍប្រទេសរបស់យើងនាពេលបច្ចុប្បន្ន ឲ្យកាន់តែមានការរីកចម្រើន។ គោលបំណង ល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីប្រមែប្រមូលកម្លាំងធ្វើកុបកម្មនោះ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលយើងជាកម្លាំងនគរបាលជាតិ មិនអនុញ្ញាតដាច់ខាត។ នេះត្រូវចាំឲ្យច្បាស់ អំពីជំហរប្តេជ្ញាចិត្ត ពីព្រោះកងកម្លាំងប្រដាប់អាវុធ គឺជាឧបករណ៍របស់រដ្ឋ យើងត្រូវតែការពាររដ្ឋដាច់ខាត គ្មាននរណាអាចមកបំភ្លេចបំផ្លាញបាន តាមបែបមិនប្រជាធិបតេយ្យបានទេ»។
បើតាមនាយឧត្តមសេនីយ៍ ស ថេត, លោកក៏បានបញ្ជាក់ជំហររបស់កម្លាំងនគរបាលជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមផងដែរ។ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗ ឬអ្នកចូលរួមតាមការអំពាវនាវរបស់ក្រុមប្រឆាំង ឱ្យធ្វើការអប់រំកូនចៅ សមាជិកខ្លួន ឱ្យចាកចេញពីក្រុមឧទ្ទាមនេះ ដើម្បីគេចផុតពីសំណាញ់ច្បាប់៕