(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការងារ និងដាក់ចេញទិសដៅអនុវត្តបន្ត ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព, សភាពការណ៍សន្តិសុខសង្គម ពិសេសបំផុសការជឿទុកចិត្ត និងគាំទ្រការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅលើកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA។
ក្នុងកិច្ចប្រជុំ បានធ្វើឡើងដោយមានការចូលរួមដោយ លោក លោកស្រី ដែលជាគណៈអភិបាលរងខេត្ត គណៈអភិបាលក្រុង ស្រុក កម្លាំងប្រដាប់អាវុធ លោក លោកស្រី ដែលជាប្រធាន អនុប្រធានមន្ទីរ និង មេឃុំ ចៅសង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់។
លោក សរ សុពុត្រា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះឱ្យរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញកិច្ចការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។
លោក សរ សុពុត្រា បានបន្ថែមថា គួបផ្សំនឹងជោគជ័យនេះដែរ យើងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវធ្វើការដោះស្រាយ ដូចជាបញ្ហាក្មេងទំនើង បញ្ហាបទល្មើសធនធានធម្មជាតិ ពិសេសបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈការបំផុសចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាល និងយកកម្ពុជាទៅប្រៀបជាមួយបង់ក្លាដេស ដែលបញ្ហាទាំងនេះទាមទារ ឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត/ក្រុង/ស្រុក ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាប ឲ្យបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះ លោក សរ សុពុត្រា ក៏បានដាក់ចេញនូវទិសដៅ សម្រាប់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត/ក្រុង/ស្រុក យកទៅអនុវត្តបន្ត ចំណុច រួមមាន៖
ទី១៖ ត្រូវពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ
ទី២៖ ពិនិត្យតាមដាន និងទប់ស្កាត់ឱ្យបាន នូវរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន ដូចជាគ្រឿងញៀន លួច ឆក់ ប្លង់ ចរាចរណ៍ ក្មេងទំនើង
ទី៣៖ ត្រួតពិនិត្យទីតាំងប្រកបអាជីវកម្មបោះពុម្ពអាវយឺត គ្រប់ទីកន្លែង ដែលមានចេតនាបង្កអសន្តិសុខក្នុងសង្គម ប្រឆាំងជាមួយរាជរដ្ឋាភិបាល និងត្រូវចាត់ការជាបន្ទាន់ ចំពោះអ្នកយកអាវទៅបោះពុម្ព និងអ្នកទទួលបោះពុម្ព
ទី៤៖ បំផុសការជឿទុកចិត្ត និងគាំទ្រការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រប់កម្មវិធីទាំងអស់នៅមូលដ្ឋាន ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA
ទី៥៖ ត្រូវពង្រឹង និងទប់ស្កាត់ ល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋាន ឱ្យខាងតែបាន
ទី៦៖ ខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព
ទី៧៖ ត្រូវខិតខំណែនាំ និងបំផុសចលនា ថែរក្សាអនាម័យបរិស្ថាន ជូនប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា
នឹងទី៨៖ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាព ដោយត្រូវធ្វើឱ្យអស់លទ្ធភាព៕