(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងពង្រឹងកងកម្លាំងទាំង ៣ របស់គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ រួមមាន៖ កម្លាំងស្នងការនគរបាលខេត្ត កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកម្លាំងបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។
ថ្លែងនៅក្នុងជំនួបជាមួយបងប្អូនកងកម្លាំង ក្រៅពីការសាកសួរសុខទុក្ខ និងការកោតសសើរស្នាដៃការងារកន្លងមក លោកអភិបាលខេត្ត បានថ្លែងថា ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស នៅតែបន្តអនុវត្តគ្រប់ឧបាយកលសកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល ញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ជាការឆ្លើយតប កងកម្លាំងទាំង៣ សូមប្តេជ្ញាគោរព និងអនុវត្តដោយឥតងាករេ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយភក្តីភាព ស្មោះត្រង់ដាច់ខាត ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកើតចេញពីការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាមួយនឹងការគាំទ្រយ៉ាងច្រើនលើសលប់ របស់ប្រជាពលរដ្ឋកម្ពុជា។
បន្ថែមលើនេះ កងកម្លាំងទាំង៣ សូមប្តេជ្ញាការពារ និងថែរក្សា ឲ្យបានដាច់ខាតនូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈគ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាត នូវរាល់អំពើណាក្នុងចេតនាបំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗ៕