(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគសិង្ហបុរី ដឹកនាំដោយលោក យីង សារ៉ាត់ ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកវិនិយោគបរទេស និងទំនាក់ទំនងអន្តរជាតិ នៅទីស្ដីការក្រសួងទេសចរណ៍។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្ដល់ឱកាសដល់គណៈប្រតិភូវិនិយោគសិង្ហបុរី ទទួលបាននូវព័ត៌មាន និងស្វែងយល់អំពីសក្ដានុពលនៃវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាស្វែងរកនូវឱកាសក្នុងការវិនិយោគ និងជំរុញវិស័យទេសចរណ៍ ឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងសសរស្ដម្ភយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕