(ភ្នំពេញ)៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានកំណត់មុខសញ្ញាក្រុមមេខ្លោងដែលញុះញង់ឲ្យធ្វើព្យុះភ្លៀង និងធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលបានហើយនៅពេលនេះ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមានលោក ទូច សុខៈ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ លោកថា «ក្រសួងមហាផ្ទៃ មានសមត្ថកិច្ចក្នុងការគ្រប់គ្រងរៀបចំសណ្តាប់ធ្នាប់សន្តិសុខសង្គមទាំងមូល ដូច្នេះរាល់មុខសញ្ញាបានកំណត់រួចហើយ»។
អ្នកនាំពាក្យបានគូសបញ្ជាក់ថា យ៉ាងដូច្នេះថា «យើងបានកំណត់មុខសញ្ញាក្រុមទាំងឡាយណា ដែលបានញុះញង់ ឬបង្កើតនូវយន្តការផ្សេងៗធ្វើព្យុះភ្លៀង ឬយកលេសនេះ លេសនោះ ដើម្បីរុញស្ថានការណ៍ទៅជាបដិវត្តន៍ព័ណ៌ក្នុងគោលបំណងទុច្ចចរិតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលខុសនឹងគោលការណ៍ច្បាប់សកលលោក គោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីទាមទារឲ្យមានការបោះឆ្នោតខុសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា» ។
អ្នកនាំពាក្យបានគូសបញ្ជាក់បន្ថែមថា សូមជម្រាបថា អ្នកជាមេខ្លោងដែលទទួលបញ្ហាពីសេនានិយោពីក្រៅប្រទេស និងក្នុងប្រទេសត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ហើយជារួមអាចនិយាយថា សមត្ថកិច្ចជំនាញគ្រប់គ្រងបាននូវមុខសញ្ញាទាំងអស់នោះហើយ គឺគ្រាន់តែទុកពេល វេលាមួយសមស្របឲ្យអ្នកទាំងអស់នោះភ្ញាក់ខ្លួនឡើងវិញ ឬចូលមកសារភាព ឬដកខ្លួនថយ លែងបង្កនូវព្យុះភ្លៀងក៏ដូចជា ប្រមូលមហាជនឲ្យចូលមកក្រុមខ្លួនធ្វើអំពើល្មើសច្បាប់។
ទាក់ទិននឹងការគ្រប់គ្រងស្ថានការណ៍វិញលោក ទូច សុខៈ បានឲ្យដឹងទៀតថា ក្រសួងមហាផ្ទៃបានធ្វើការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា និងទិដ្ឋភាពសង្គមជាក់ស្តែង ដោយបញ្ហាទាំងរដ្ឋាភិបាលរាជធានីខេត្តគ្រប់លំដាប់ថ្នាក់។ លើសពីនេះកម្លាំងសមត្ថកិច្ចពោល គឺកម្លាំងនគរបាលជាតិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ធ្វើកិច្ចការងារនេះដោយរៀបចំផែនការ និងក្បួនយុទ្ធសាស្ត្រផ្សេងៗ ឬរកវិធីជំនាញនានា ដើម្បីធ្វើការងាររៀងខ្លួន។
អ្នកនាំពាក្យបានលើកឡើងបន្ថែមថា ក្រសួងមហាផ្ទៃ បានស្នើសុំដល់មហាជនផ្សេងៗទៀត សូមចូលរួមសហការទប់ស្កាត់ និងផ្សព្វផ្សាយអប់រំកុំឲ្យចូលក្នុងទន្ទាក់របស់ក្រុមឧក្រិដ្ឋជន ប្លន់អំណាចទាំងអស់នោះ។
ជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ក្រុមទទួលបញ្ជាសូមដកថយ បោះបង់បទបញ្ជានោះចោល ហើយអ្នកដែលកំពុងតែត្រូវបានគេអូសទាញសុំបោះបង់គំនិតនោះ ដោយកុំធ្វើតាមក្រុមឧទ្ទាមក្រៅច្បាប់នេះ៕