(កណ្តាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឲ្យជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម ដែលបានញុះញង់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលអាចនាំឲ្យមានទុក្ខទោសដល់ខ្លួន។
មានប្រសាសន៍បែបនេះថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១៨៤៩ប័ណ្ណ ជូនប្រជាពលរដ្ឋក្នុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
លោក នុត ពុធដារ៉ា រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ បានប្តេជ្ញាការពារអោយបានជាដាច់ខាតនូវ សុខសន្តិភាពដែលមានតម្លៃដ៏មហាសាល និងមិនអនុញ្ញាតអោយក្រុមជនអគតិ បំផ្លាញនូវសុខសន្តិភាព នេះបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើង អំពីការអភិវឌ្ឍន៍រីកចម្រើននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តកណ្តាល និងស្រុកខ្សាច់កណ្តាលយើង។
លោកអភិបាលរងខេត្ត ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ នៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទទួលបាននាថ្ងៃនេះ ថាជាឯកសារយ៉ាងសំខាន់សម្រាប់សម្គាល់នូវកម្មសិទ្ធិករលើដីធ្លី ផ្ទះសម្បែង ជាឯកសាផ្លូវច្បាប់មួយយ៉ាងសំខាន់សម្រាប់បងប្អូនយកទៅប្រើប្រាស់ ងាយស្រួលក្នុងការកំណត់ព្រំប្រទល់ដីធ្លី និងកាត់បន្ថយបាននូវទំនាស់ដីធ្លីក្នុងមូលដ្ឋាន។
សូមបងប្អូនទាំងអស់យកប័ណ្ណនេះទៅរក្សាទុកឲ្យបានត្រឹមត្រូវជៀសវាងការខូចខាត ឬបាត់បង់ ហើយប្រសិនបើមានបញ្ហាខូចខាត ឬបាត់បង់នានា សូមរាយការណ៍បន្ទាន់មកមន្ត្រីជំនាញដើម្បីមានវិធានការ។ លោកក៏បានកោតសរសើរ មន្ត្រីសុរិយោដី អជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចុះវាស់វែង បំពេញឯកសារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រឈមនឹងការលំបាកនានា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាថ្ងៃនេះ។
ជាទីបញ្ចប់លោកអភិបាលរងខេត្ត ក៏បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ត្រូវចូលរួមយកចិត្តទុកដាក់អនុវត្តឲ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទប់ស្កាត់ បង្កា បង្រ្កាបបទល្មើសលួចឆក់ប្លន់ ក្មេងទំនើង ជាពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ឲ្យបានដាច់ខាត តាមគោលការណ៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕