(កណ្ដាល)៖ ឈ្មួញជនជាតិវៀតណាម៤នាក់ បន្ទាប់ពីកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលស្រុកកោះធំ ​បង្ក្រាបបាន ហើយត្រូវបានតុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធករណី នេសាទ និងឧបករណ៍នេសាទខុសច្បាប់ជាច្រើន ក្នុងនោះគ្រាន់តែស្បៃមុងក្រឡាញឹក មានរហូតដល់ជាង១,៦ម៉ឺនម៉ែត្រ។

គួរបញ្ជាក់ថា នេះជាចំណាត់ការដ៏តឹងរឹងរបស់តុលាការខេត្ត និងកម្លាំងនគរបាលខេត្ត ដែលមិនអនុញ្ញាតិឲ្យក្រុមឈ្មួញណាមួយ ប្រព្រឹត្តនូវអំពើនេសាទដែលច្បាប់ហាមឃាត់ យ៉ាងដាច់ដូចនេះទេ នៅក្នុងទឹកដីស្រុកកោះធំ​ ក៏ដូចជាខេត្តកណ្ដាលទាំងមូល។

យ៉ាងណាមិញ មន្ដ្រីសមត្ថកិច្ចតូចតាចបានបង្ហើប ប្រាប់អង្គភាព Fresh News ថា «មូលហេតុដែលនាំឲ្យមានជនជាតិវៀតណាម អាចចូលមកនេសាទខុសច្បាប់យ៉ាងអណាធិបតេយ្យបែបនេះ ក៏ព្រោះតែមានការបើកដៃពីមន្ដ្រីនគរបាល តាមបណ្ដោយព្រំដែន ទើបធ្វើឲ្យឈ្មួញចេញចូលដោយសេរីយ៉ាងដូច្នេះ ប៉ុន្ដែចាប់ពីពេលនេះទៅមិនទៀតនោះទេ»

សូមបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងនៅពេញមួយព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ ស្ថិតនៅលើផ្ទៃទឹក ចំណុចចុងព្រែក ក្នុងទឹកព្រែកឡស្រា ​ស្ថិតក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ បន្ទាប់​ពីមានបញ្ជាផ្ទាល់ពីអភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក លឹម សុគន្ថា ទើបកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកោះធំ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន។ លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ដែលបានរកស៊ីពាក់ព័ន្ធនឹងបទល្មើសខាងលើនេះ។ ជនជាតិវៀតណាមទាំង៤នេះរួមមានទី១-ឈ្មោះ ង្វៀង យ៉ាំងត អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី២-ឈ្មោះ យ៉ យ៉ាំងសាង អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី៣-ឈ្មោះ ប៊ូយ ធីហាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ និងទី៤-ឈ្មោះ ង្វៀង ធីង៉ា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ដែលអ្នកទាំង៤នាក់ រស់នៅភូមិអាបហាយ ឃុំយឹងងូយ ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។

បើតាមលោកអធិការស្រុក ឧបករណ៍នេសាទដែលបង្ក្រាបបានរួមមាន៖ ស្បៃមុងក្រឡាញឹក(សៃយ៉ឺន), ព្រួល និងឡុក, លប១០០ស្រទាប់ ឬលបឆ្គួតមួយចំនួនធំ, កូនត្រីប្រមាណជាង១តោន(២ទូក) និងទូកមានម៉ាស៊ីននេសាទចំនួន០២គ្រឿងផងដែរ។ លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា «នៅថ្ងៃនេះ ដោយមានបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត កម្លាំងជំនាញខេត្តដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ច និងចុះសហការជាមួយ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ចុះបទល្មើសសេដ្ឋកិច្ច នៅចំណុចខាងលើ និងដកហូតសម្ភារៈមួយចំនួនបានរៀបរាប់ខាងលើ ហើយត្រូវយកទៅដុតកម្ទេចចោលភ្លាមៗតែម្តង»


(អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន)