(បន្ទាយមានជ័យ)៖ ទង្វើជ្រុលនិយមប្រឆាំងកិច្ចអភិវឌ្ឍន៍ជាតិ ក្រោមកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ពីសំណាក់ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី និងបក្ខពួក បានក្លាយជាកត្តាលីករជំរុញការស្អប់ខ្ពើម និងខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ក្រុមមនុស្សធ្លាប់ស្ម័គ្រស្មោះនឹងជនក្បត់ជាតិ សម រង្ស៉ី។ ទន្ទឹមការស្អប់ខ្ពើម និងខឹងសម្បានេះ ពួកគេក៏សម្រេចដើរចេញពីក្រុមជនក្បត់ជាតិ ក៏ដូចជាបក្សប្រឆាំងផងដែរ។
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្បាលម៉ាស៊ីនអតីតគណបក្សសង្គ្រោះជាតិ នៅឃុំដំបួរ ស្រុកមង្គលបុរី និងបក្សភ្លៀងទៀន នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន២រូប បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។
ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋានទាំង២រូបនេះ បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួក ដែលកំពុងជំរុញចលនាប៉ះបោរបង្កើតអសន្តិសុខជាតិ ក្រោមលេសប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។
ក្រុមអ្នកធ្លាប់ស្ម័គ្រស្មោះនឹងបក្សប្រឆាំង បានចាត់ទុកទង្វើនេះ ជាទង្វើមួយដ៏អាក្រក់បំផុត ជាទង្វើនាំឱ្យជាតិជួបនូវវិនាសសកម្ម។
ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានប្រកាសគាំទ្រចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ ពួកគាត់មើលឃើញថា កិច្ចសហប្រតិបត្តិការនេះ ជាកិច្ចសហប្រតិបត្តិការណ៍មួយដ៏ល្អសម្រាប់ការអភិវឌ្ឍជាតិ ហើយគ្មានការគំរាមកំហែងសម្រាប់បូរណភាពទឹក ឬអធិបតេយ្យជាតិនោះឡើយ។
អតីតក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋាន ក៏បានប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ចាត់រាល់ចលនាទាំងឡាយ ដែលនាំមកនូវភាពវឹកវរក្នុងសង្គមតាមរយៈការញុះញង់របស់ក្រុមជនក្បត់ជាតិផងដែរ។
ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេ ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។
ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុមប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។
ពួកគេ ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕