(កណ្ដាល)៖ លោក ស៊ឺង សុផាន់ណា អភិបាលរងក្រុង តំណាងលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំបើកកិច្ចប្រជុំជាមួយ លោក -លោកស្រី អធិការរងនៃអធិការដ្ឋាននគរបាលក្រុង លោកមេប៉ុស្ត៍សង្កាត់ និងសហការី តំណាងសង្កាត់បាក់ដាវ ព្រមទាំង លោកនាយក លោកគ្រូ អ្នកគ្រូ ដើម្បីផ្សព្វផ្សាយណែនាំពីផលប៉ះពាលគ្រឿងញៀន បារីអេឡិចត្រូនិកចរាចរណ៍ និងភូមិសង្កាត់មានសុវត្ថិភាព នៅវិទ្យាល័យ ហ៊ុន សែន បានដាវ សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ថ្លែងក្នុងអង្គជំនុំនេះលោក ស៊ឺង សុផាន់ណា បានបញ្ជាក់ថា យោងតាមប្រសាសន៍ណែនាំរបស់លោកអភិបាលក្រុង គឺត្រូវរួមគ្នាបង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងរក្សាសណ្ដាប់សង្គមឲ្យបានល្អដាច់ខាត ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យមានបញ្ហាណាមួយកើតឡើងនៅក្នុងសង្គមឡើយ។
សូមបញ្ជាក់ដែរថា លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ក្នុងនាមខ្លួនជាប្រធានគណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រ បានដាក់ចិត្ត ដាក់កាយ នឹងដាក់បេះដូងបម្រើពលរដ្ឋ សង្គមជាតិ បង្ក្រាបឲ្យអស់រាល់បទល្មើសទាំងឡាយនៅក្នុងក្រុងអរិយក្សត្រ ដើម្បីធានាជូនថា ក្រុងអរិយក្សត្រ ជាក្រុងសុវត្ថិភាព ពលរដ្ឋរស់នៅមានក្ដីសុខ សុភមង្គល អភិវឌ្ឍន៍ រីកចម្រើន និងរុងរឿង២៤ម៉ោង លើ២៤ម៉ោង សក្ដិសមជាក្រុងស៊ីវីល័យ ស្អាត និងគួរឲ្យរស់នៅបំផុត។
សូមជម្រាបថា អរិយក្សត្រជាក្រុងដែលទើបនឹងប្រកាសបង្កើតថ្មី ,ក្រុងថ្មីនេះជាមុខព្រួញសំខាន់សម្រាប់អភិវឌ្ឍន៍ឲ្យរីកចម្រើនឡើង ខណៈដែលវិនិយោគិនក្នុងស្រុក និងបរទេស បាននិងកំពុងសម្រុកបុកទៅអភិវឌ្ឍន៍នៅតំបន់ក្រុងអរិយក្សត្រយ៉ាងគំហុក ខណៈដែលវិស័យដែលលេចធ្លោជាងគេនៅក្រុងនេះគឺវិស័យដីធ្លី ទីកន្លែងកំសាន្តសប្បាយនានា ខណៈដែលពលរដ្ឋរស់នៅក្រុងនេះមានជីវភាពកាន់តែល្អប្រសើរឡើងជាមួយនឹងមុខមាត់ជាអ្នកក្រុងល្អឯក៕