(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ លោក គង់ សោភ័ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ ត្រូវជាឪពុកបង្កើតរបស់ លោក។
តាមរយៈសារលិខិតរំលែកទុក្ខ សម្តេចសភាធិការធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីក្រៀមក្រំក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងមរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ ត្រូវជាឪពុកបង្កើតរបស់លោក នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ»។
សម្តេចសភាធិការធិបតី បានបន្ដទៀតថា មរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ គឺជាការបាត់បង់នូវ បិតាបង្កើត បិតាក្មេក ជីតា ជីតាក្មេក និងជីតាទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងសង្គហធម៌ ដែលកន្លងមកបាន ចិញ្ចឹមបីបាច់ថែរក្សា និងអប់រំផ្តល់ដំបូន្មានល្អៗដល់ កូន ចៅ សាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ឱ្យក្លាយជាធនធានដ៏មាន តម្លៃក្នុងសង្គមជាតិ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ក្នុងការរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនៃការអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយវិស័យព្រះពុទ្ធសាសនា មនុស្សធម៌ និងសុខដុមរមនាសង្គម ឱ្យបានរីកចម្រើនរហូតមក។
ជាថ្មីម្ដងទៀត សម្តេចសភាធិការធិបតី ឃួន សុដារី បានបន្ថែមទៀតថា ក្នុងវេលាប្រកបដោយក្ដីក្ដុកក្ដួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្តី ស្រណោះ និងអាឡោះអាល័យជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕