(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd ដឹកនាំដោយ លោក Dr. Dennis Ganendra នាយកប្រតិបត្តិក្រុមហ៊ុន ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជំនួបពិភាក្សាបានធ្វើឡើងនារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាពក្នុងការសិក្សាស្វែងយល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ឱ្យមានភាពធន់​​ទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាសិក្សាឱកាសវិនិយោគបន្ថែមទៀតលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជាផងដែរ។

គណៈប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានជម្រាបជូនអំពីលទ្ធផលការងាររបស់ខ្លួន ក្នុងនាមជាអ្នកត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការនាពេលបច្ចុប្បន្ន និងការងារនានាលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលក្រុមហ៊ុនបានអនុវត្តកន្លងមក។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងគម្រោងសំខាន់ៗមួយចំនួន ក៏ដូចជាដើម្បីជួយឱ្យក្រុមហ៊ុនបានស្វែងយល់អំពី​កាលានុវត្តភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕