(កណ្ដាល)៖ ព្រះវិជ័យសីលមុនី កាន់ សំអុល ព្រះចៅអធិការវត្តជ័យឧត្តម បានមានថេរដីកាស្នើរសុំថ្នាក់ដឹកនាំ និងសប្បុសជនទាំងឡាយមេត្តាបន្តជួយបច្ច័យកសាងអគារសិក្សា១ខ្នង កំពស់២ជាន់ មានចំនួន១៦បន្ទប់បណ្តោយ៧៣ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែលគ្រោងថវិការចំណាយទាំងសម្ភារៈមួយឈុតប្រមាណជា៤៥ម៉ឺនដុល្លារ។ អគារនេះស្ថិតនៅក្នុងសាលាបឋមសិក្សាជ័យឧត្តម ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គម្រោងសាងសង់នេះ ផ្តើមសាងសង់ដោយព្រះវិជ័យសីលមុនី កាន់ សំអុល ព្រះចៅអធិការវត្តជ័យឧត្តម ពុទ្ធបរិស័ទ ចំណុះជើងវត្ត មាតាបិតាសិស្សព្រមទាំងលោកគ្រូអ្នកគ្រូ ក្នុងនោះលោក អ៊ូឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយបានចូលរួម ចំនួន៥.០០០ដុល្លារ លោកឡូវសុខសានអភិបាលនៃគណ:អភិបាលស្រុកកៀនស្វាយចំនួន៥,០០០ដុល្លារ។
អគារសាលាបឋមសិក្សានេះ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ហើយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីសំណាក់លោកសួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ, លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ និងលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ រួមជាមួយនឹងពុទ្ធបរិស័តរាប់រយនាក់ផ្សេងទៀត។
ថ្លែងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល, នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ព្រះវិជ័យសីលមុនីកាន់ សំអុល ព្រះចៅអធិការវត្តជ័យឧត្តម បានមានថេរដីកាថា ថវិការដែលសប្បុរសជនបានជួយមកនោះ ត្រូវបានចំណាយទៅលើសម្ភារៈ និងបានដឹកជញ្ជូនមកដល់ការដ្ឋានរួចរាល់ហើយ។ ដោយឡែកសម្រាប់បច្ចេកទេសសំណង់ ក្រុមការងារបានខួងដីយកទៅសិក្សាលម្អិតហើយ ដើម្បីធានានូវគុណភាពសំណង់ដែលតម្លៃនៃការសិក្សានេះ ជាការឧបត្ថម្ភដ៍ជ្រះថ្លាពីសំណាក់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល។
ព្រះវិជ័យសីលមុនី កាន់ សំអុល មានថេរដីកាបន្តទៀតថា ព្រះអង្គ នឹងនៅតែបន្តធ្វើបុណ្យ ដើម្បីប្រមូលបច្ច័យកសាងអគារសិក្សាតម្លៃជា៤៥ម៉ឺនដុល្លានេះជាបន្តបន្ទាប់ ធ្វើយ៉ាងណាសំដៅដល់ការបញ្ចប់គម្រោងនេះយ៉ាងពិតប្រាកដ បន្សល់នូវស្នាដៃ កេរិ៍មរតករបស់សប្បុរសទាំងឡាយ ដែលបានខិតខំរួមគ្នាកសាងអគារសិក្សានេះជូនដល់កូនចៅបានសិក្សារៀនសូត្រ ដ្បិតថា អគារសិក្សានៅក្នុងសាលាបឋមសិក្សានេះ មានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយមានអាយុកាលសំណង់ជាង៦០ឆ្នាំមកហើយ ខណៈដែលអគារទាំងនោះ មានសភាពប្រេះស្រាំដោយដុំ ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពសិស្ស ទើបព្រះអង្គផ្ដើមគំនិតកសាងអគារថ្មីនេះឡើងដើម្បីជាចំណែកបុណ្យដ៍ធំធេងរបស់សប្បុរសជនទាំងឡាយដែលមានសទ្ធាជ្រះថ្លាជួយកសាងអគារនេះឡើង។
ជាមួយគ្នានេះដែរ លោក តាំង វុទ្ធី នាយកសាលាបឋមសិក្សាជ័យឧត្តម និងសិស្សានុសិស្សទាំងអស់ បានលើកម្រាមដៃដប់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាបំផុតដល់ព្រះចៅអធិការវត្តជ័យឧត្តម លោកគួច ចំរើន អភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំទាំងអស់ និងសប្បុរសជនគ្រប់ទិសទីទាំងឡាយ ដែលមានសទ្ធាជ្រះថ្លា រួមគ្នាចូលបច្ច័យជួយកសាងអគារសិក្សានេះឡើងយ៉ាងស្រស់ស្អាត រឹងមាំ ជូនដល់កូនខ្មែរ កូនចៅយើងឲ្យមានកន្លែងសិក្សារៀនសូត្រសមប្រកបដោយផាសុកភាព និងស្តង់ដាត្រឹមត្រូវ។
លោកនាយក និងលោកគ្រូ អ្នកគ្រូទាំងអស់នៃសាលាបឋមសិក្សាជ័យឧត្តម ប្ដេជ្ញាបន្តខិតខំបង្រៀនដល់កូនចៅយើង ឲ្យអស់ពីសមត្ថភាព បង្រៀនប្រកបដោយគុណភាព យកបេះដូងមកបង្រៀន ដើម្បីបណ្ដុះបណ្ដាលកូនចៅយើងតាំងពីចំណេះដឹង អាកប្បកិរយា មាយាទល្អ សីលធម៌ល្អ សមប្រកបដោយចិត្តជ្រះថ្លា ក្លាយជាធនធានមនុស្សដ៍ល្អ និងពេញដោយសមត្ថភាព ដើម្បីជួយគ្នាកសាងប្រទេសជាតិ មាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនឡើង សមប្រកបដោយសន្តិភាព និងរុងរឿងទៅមុខជារៀងរហូត៕