(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យណារី ព្រមទាំងកូន-ចៅ សប្បុរសជន បានចំណាយថវិកា ផ្តួចផ្តើមកសាងសួនសន្តិភាព នៅប្របស្ទឹងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីរៀបចំឲ្យក្លាយទៅជាកន្លែងលេងកម្សាន្ត ហាត់ប្រាណរបស់ប្រជាពលរដ្ឋ និងកែលម្អសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងនោះ ក៏មានការកសាងវិមានស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះផងដែរ។
កម្មវិធីនេះមានអ្នកចូលរួម លោក ប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ក្រុមប្រឹក្សាក្រុង អង្គភាពទាំង៣ រដ្ឋបាល ឃុំ សង្កាត់ ព្រះសង្ឃ និងមន្ត្រីរាជការជាច្រើននាក់ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។
លោក អ៊ុំ រាត្រី បានថ្លែងថា វិមានស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ ដែលមានទំហំបណ្តោយ៣០ម៉ែត្រ និងទទឹង២៦ម៉ែត្រ កំពស់មានប្រវែង៩ ម៉ែត្រ ចុច៣៣ ផ្តួចផ្តើមកសាង និងចំណាយថវិកា ដោយលោក និងក្រុមគ្រួសារ និងសប្បុរសជនជាច្រើននាក់ ដើម្បីទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ឲ្យដឹងគុណប្រវត្តិសាស្ត្រជាតិ។
ពិសេសពាក់ព័ន្ធ នឹងដំណើរសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណើរការស្វែងរកសន្តិភាព និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា។
លោកបានឲ្យដឹងទៀតថា ផែនការរបស់រដ្ឋបាលខេត្ត ចាប់ផ្តើមរៀបចំកសាងជាសួនច្បារតេជោសន្តិភាពនេះ អមមាត់ស្ទឹងសិរីសោភ័ណ ចាប់ពីរបងវត្តស្វាយចាស់ កាត់ប្លុកដីមាត់ស្ទឹងស្ពានថ្ម ក្នុងភូមិ៣ មកដល់ ដល់ដើមត្នោត សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ដើម្បីរៀបចំឲ្យក្លាយទៅជាកន្លែងលេងកម្សាន្ត ហាត់ប្រាណរបស់ប្រជាពលរដ្ឋ និង កែលម្អសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈក្រុងសិរីសោភ័ណ៕