(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារលើគ្រប់វិស័យក្នុងខេត្តរយៈពេលកន្លង នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមថ្នាក់អភិបាលរងខេត្ត, លោក លោកស្រី អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត,កងកម្លាំងទាំងបី មេឃុំ ចៅសង្កាត់ក្នុងខេត្តចូលរួម។
បន្ទាប់ពីលោកប្រធានមន្ទីរ អង្គភាពនានាបានឡើងធ្វើបទបង្ហាញលើកឡើងអំពីលទ្ធផល សមិទ្ធផលនានាសម្រេចបានជាបន្តបន្ទាប់កន្លងមក លោក សុខ លូ ក៏បានរំលឹកដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ អាជ្ញាធរ កងកម្លាំង គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ត្រូវពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត និងឃ្លាំមើល រាល់សកម្មភាពខុសច្បាប់ណាមួយត្រូវចាប់ខ្លួន។
លោកបានបញ្ជាក់ថា ថ្មីៗនេះមានក្រុមពួកជនអគតិពួកប្រឆាំង ដែលមានបំណង មានចេតនា បំពុលបរិយាកាសសង្គម និងបំផុស ឲ្យមានចលាចល បំផុសដល់ក្រុមប្រឆាំងក្នុងស្រុកធ្វើបាតុកម្ម តាមរយ: ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ដែលកើតឡើងដោយការបោះឆ្នោតសកល ត្រឹមត្រូវស្របច្បាប់។
លោកអភិបាលខេត្ត បានអំពាវនាវដល់មន្រ្តីរាជការ នាំគ្នាធ្វើញាតិគាំទ្រជាលក្ខណ:ផ្ទាល់ខ្លួន ចំពោះសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្តីពីកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍក្នុងនាមជាប្រជាពលរដ្ឋខ្មែរ និងជាមន្ត្រីរាជការមួយរូប សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍មាន ទី១៖ មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ ទី២៖ មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា
ដូចការមួលបង្កាច់នោះឡើយ។ ទី៣៖ មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។
* កិច្ចសហប្រតិបត្តិការអភិវឌ្ឍ-DTA គឺបាននាំឱ្យខេត្តទាំង៤ របស់ប្រទេសរបស់យើងបានរីកចម្រើនជាបន្តបន្ទាប់។
* ប្រទេសរបស់យើងបានទទួលរងនូវចម្បាំងរាំងជល់ឆ្អែតឆ្អល់ហើយ ធ្លាប់រងនូវវិនាសកម្មគ្រប់បែបយ៉ាង...។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សានូវសន្តិភាព ស្ថេរភាពដែលយើងមានសព្វថ្ងៃនេះ ឱ្យបានដើម្បីការរីកចម្រើនរបស់ប្រទេសយើងជាបន្តបន្ទាប់ទៅមុខទៀត។
* គាំទ្រការដឹកនាំរបស់សម្តេចធិបតី ដើម្បីបន្តរក្សាសន្តិភាពនិងការអភិវឌ្ឍន៍។
* ពួកយើងទាំងអស់គ្នាប្រឆាំងដាច់ខាតនូវទង្វើទាំងឡាយណាដែលនាំទៅដល់ការបង្ករ អស្ថេរភាព បង្កភាពវឹកវរក្នុងសង្គម៕