(ភ្នំពេញ)៖ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម គឺជាកិច្ចសហប្រតិបត្តិការមួយ ដែលផ្តល់អាទិភាពជាសំខាន់ដល់កិច្ចអភិវឌ្ឍន៍ខេត្តដាច់ស្រយាលនៃប្រទេសទាំង៣ តាមរយៈគម្រោងវិនិយោគនានាជាក្បាលម៉ាស៊ីនជំរុញដល់សេដ្ឋកិច្ច។
ខេត្តក្រចេះដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង៤របស់កម្ពុជានៅភាគឦសានប្រទេស និងជាខេត្តដាច់ស្រយាលមួយផងដែរនោះ កំពុងទទួលបានគុណប្រយោជន៍គួរឱ្យកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។
បច្ចុប្បន្នខេត្តមួយនេះ បានទាក់ទាញគម្រោងវិនិយោគពីប្រទេសវៀតណាមចំនួន១៨ ក្នុងចំណោមគម្រោងវិនិយោគជាង៤០។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងថា គម្រោងវិនិយោគពីវៀតណាម រួមមានការដាំអំពៅផលិតជាស្ករ ដាំកៅស៊ូ ចេកអំបូងលឿង ចិញ្ចឹមគោ និងផលិតថ្មម៉ាប។ បើតាមលោកអភិបាលខេត្តក្រចេះ គ្រាន់តែក្នុងវិស័យកសិកម្មការវិនិយោគក្នុងខេត្តក្រចេះមានទុនរហូតដល់ទៅជាង ២០០លានដុល្លារអាមេរិក។ តាមរយៈការវិនិយោគទាំងនេះ ក៏បានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររស់នៅក្នុងខេត្តក្រចេះ និងបណ្តាខេត្តផ្សេងៗទៀតរហូតដល់ទៅជាង ១ម៉ឺននាក់។
ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋដែលមានប្រាក់ឈ្នួលទាបបំផុត១លានរៀលហើយនោះ ការវិនិយោគនេះ ក៏បានផ្តល់ចំណូលសម្រាប់ជាតិផងដែរ តាមរយៈការបង់ពន្ធលើផលិតផលដែលផលិតបាន ការបង់ពន្ធលើដីវិនិយោគជាដើម។
លោក វ៉ា ថន បានអះអាងក្រោមកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានទាក់ទាញអ្នកវិនិយោគនៅវិនិយោគនៅក្នុងខេត្ត ព្រោះមានកិច្ចសហប្រតិបត្តិការណ៍ល្អលើការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងលក្ខខណ្ឌវិនិយោគជាដើម៕