(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ណែនាំអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយន្តការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋឲ្យបានជ្រះស្រឡះ និងគ្រប់ជ្រុងជ្រោយ។ លោកបានថ្លែងដូចនេះនៅក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សា នៅឃុំចំណាលើនិងឃុំចំណាក្រោម ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅវត្តខ្មាក់ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកបានជំរុញលោកមេឃុំ ក្រុមប្រឹក្សាឃុំ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវរករៀបចំផែនការរកដោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានចុំគោលដៅ និងតម្រូវការជាក់ស្ដែងជាអាទិភាពបំផុត។
លោកអភិបាលស្រុកបានណែនាំ គ្រប់រដ្ឋបាលឃុំត្រូវប្រើប្រាស់ថវិកាមូលនិធិឃុំ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ បានជាក់ស្ដែងនិងចំគោលដៅ។
លោកបានសំណូមពរប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាសប្បុរសជនសូមជួយសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍មូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមនានាតាមស្ថានភាពជាក់ស្តែង ឲ្យបានឆាប់រហ័សនិងទាន់ពេលវេលា។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងអស់ សូមកុំចាញ់បោកការញុះញង់របស់ជនអគតិ ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសបំផ្លាញនូវរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា ជាពិសេសត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជាមួយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាគុណប្រយោជន៍បន្ថែមលើការអភិវឌ្ឍន៍បច្ចុប្បន្នប្រកបដោយចីរភាព ជាមួយនឹងឃឿនខ្សែក្រវ៉ាត់ការពារព្រំដែនរហូតដល់ទៅ២ជាន់។
លោក សាយ គឹមឡម បានណែនាំអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធត្រូវពង្រឹងគុណភាពការងារបន្ថែមទៀត ដើម្បីទទួលបាននូវការគាំទ្រនិងការជឿទុកចិត្តពីប្រជាពលរដ្ឋ៕