(ស្វាយរៀង)៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដើម្បីវេទិកាសាធារណៈ និងបានបើកការដ្ឋាន ផ្លូវចាក់បេតុង ដែលមានប្រវែង១៤០០ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះឆ្លងកាត់ចំនួន២ភូមិ មានភូមិទួល និងភូមិទួលច្រេស ស្ថិតក្នុង ឃុំអណ្ដូងត្របែក ស្រុករមាសហែក។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ជូនដល់លោកតាលោកយាយបងប្អូន ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបើកការដ្ឋាននេះផងដែរ។
លោកបានគូសបញ្ជាក់ថា «ថ្ងៃនេះយើងមានឱកាសកសាង អភិវឌ្ឍន៍ភូមិឃុំរបស់យើងឲ្យរីកចំរើនទៅបាន គឺដោយគុណបំណាច់នៃកត្តាសុខ សន្តិភាព ស្ថេរភាពសង្គម ដែលថ្នាក់ដឹកនាំយើងរកបានដោយលំបាក ដូច្នេះត្រូវរួមគ្នាថែរក្សានូវសុខ សន្តិភាពនេះឲ្យបានគង់វង្ស ស្ថិតស្ថេរ បន្តដល់កូនចៅជំនាន់ក្រោយៗទៀត»។
លោក ស៊ូ ម៉ុល ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើបញ្ហាជីវភាពរស់នៅសុខមាភាព និងការបំរើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ មានការទទួលខុសត្រូវខ្ពស់ផងដែរ។
ជាមួយគ្នានេះ លោកបានធ្វើការសំណូមពរប្រជាពលរដ្ឋពេលដែលបានផ្លូវនេះហើយ សូមចូលរួមគ្នាថែរក្សាឲ្យបានគង់វង្ស ទាំងអស់គ្នា ព្រោះវាជាផលប្រយោជន៍រួមមិនមែនជារបស់បុគ្គលណាម្នាក់នោះទេ៕