(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានអនុញ្ញាតឱ្យវិចិត្រជប៉ុន មកពីខេត្តអូគីណាវ៉ា ដែលមានគំនិតកែច្នៃសារធាតុជ័រសំរាម នៅតាមសមុទ្ររើសមកកែច្នៃ ជាវត្ថុអនុស្សាវរីយ៍មានតម្លៃ ចូលជួបពិភាក្សាការងារ នៅទីបញ្ជាការដ្ឋានស៉ីម៉ាក់ភ្នំពេញ។
នៅក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោក ហេង រតនា ក៏បានស្នើឱ្យវិចិត្រជប៉ុន មកពីខេត្តអូគីណាវ៉ា ជួយសាកស្បងយកជ័រសំបកគ្រាប់មីនសម្លាប់មនុស្ស ទៅកែច្នៃផលិតជាវត្ថុអនុស្សាររីយ៍។
លោក ហេង រតនា បានបន្ថែមថា លោកមានគោលបំណងកែច្នៃសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម ឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍បំរើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតជោសន្តិភាព ក៏ដូចជាការប្រែក្លាយពីវត្ថុ សម្រាប់សម្លាប់មនុស្ស ទៅជាវត្ថុដែលអាចបម្រើមនុស្ស ដោយសន្តិភាព។
លោក ហេង រតនា បានបន្ថែមថា នៅក្នុងជំនួបនេះលោកវិចិត្រជប៉ុន បានឯកភាពជួយផ្តល់ការហ្វឹកហ្វឺន ដល់ជំនាញខែ្មរទៅរៀននៅអូគីណាវ៉ា និងជួយរៀបចំសម្ភារបច្ចេកទេស សម្រាប់ផលិតនៅកម្ពុជា ដោយខែ្មរម្ចាស់ការផលិតដោយខ្លួនឯង។
លោកអគ្គនាយក ក៏បានបង្ហាញបំណងយកជនពិការដោយសារមីន បម្រើការងារក្នុងសិប្បកម្មផលិតវត្ថុអនុស្សាវរីយនេះ និងលក់ដូរនៅសារមន្ទីរតេជោសន្តិភាពផងដែរ៕