(តាកែវ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវលោក ឯក ឆេងហ៊ួត នៅព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះផ្សព្វផ្សាយច្បាប់ស្ដីពីការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការលុបបំបាត់ក្មេងទំនើង និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សជាង១ពាន់នាក់ នៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអង្គតាសោម នៅក្នុងស្រុកត្រាំកក់។
នៅក្នុងឱកាសនោះ លោក ឯក ឆេងហ៊ួត បានលើកឡើងថា គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានដាក់ចេញនូវវិធានការនានា ពិសេសធ្វើយ៉ាងណាបង្រ្កាបឱ្យអស់នៅករណីជួញដូរ រក្សា និងប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេស។
លោកបានថ្លែងបន្តថា «ក្នុងនាមយើងជាយុវជនដែលជាទំពាំងស្នងឫស្សី ត្រូវប្រកាន់ភ្ជាប់ការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាកូនល្អសិស្សល្អ និងមិត្តល្អ ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ក្មេងទំនើង ពិសេសក៏ត្រូវតែចូលរួមឱ្យ បានផុសផុលនូវយុទ្ធនាការលុបបំបាត់ការជួញដូរ រក្សា និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋានដោយផ្តើមចេញពីយើងទាំងអស់គ្នា»។
លោក ឯក ឆេងហ៊ួត បានបន្តទៀតថា ក្នុងករណីដែលដឹងអំពីព័ត៌មាននៃការចរាចរករណីជួញដូរ រក្សា និងប្រើប្រាស់គ្រឿងញៀន នៅមូលដ្ឋានរបស់យើង ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ ដើម្បីសមត្ថកិច្ចធ្វើការអន្តរាគមន៍បង្ក្រាប ឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះក្នុងនាមយើងជាសិស្សានុសិស្ស យើងត្រូវចៀសឱ្យឆ្ងាយគ្រឿងញៀន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបញ្ហាគ្រឿងញៀន និងច្បាប់ចរាចរណ៍ ទៅដល់ក្រុមគ្រួសារ មិត្តភក្តិ សហគមន៍ ឲ្យពួកគាត់បានយល់ជ្រាប និងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជួញដូរ និងចរាចរណ៍គ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា៕