(កណ្ដាល)៖ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ កាលពីរសៀលថ្ងៃអង្គារិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកងកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងប្រចាំការត្រៀមអន្តរាគមន៍ ជូនថ្នាក់ដឹកនាំ ក្នុងមូលដ្ឋានក្រុងតាខ្មៅ។
លោកអធិការថ្លែងថា ការប្រជុំជួរនេះ ធ្វើឡើងដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សំដីធ្វើយ៉ាងណា ការពារដាច់ខាតនូវសន្តិសុខសង្គម មិនឲ្យមានបញ្ហាណាមួយកើតឡើងដាច់ខាត ពិសេសគឺការរក្សាបានសន្តិភាពមូលដ្ឋាន ការពារប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសការពារថ្នាក់ដឹកនាំ។
លោកអធិការបន្តថា កិច្ចប្រជុំនេះ លោកបានចាត់ឲ្យមេប៉ុស្តិ៍ទាំង១០ នៃក្រុងតាខ្មៅ ចាត់កម្លាំងយាមក្បាតគ្រប់ច្រកល្ហក បើឃើញបទល្មើសណាមួយ ត្រូវចាត់ការតាមនីតិវិធីភ្លាមៗ បង្ក្រាបឲ្យអស់រាល់បទល្មើសគ្រប់ប្រភេទ ទីតាំងល្បែងស៊ីសង កន្លែងក្មេងទំនើងជួបជុំគេចសាលា អប់រំម្ចាស់ទីតាំងណាមិនឲ្យផ្ដល់កន្លែងសម្រាប់ក្មេងទំនើងប្រមូលផ្ដុំ កម្ចាត់ការជួញដូរថ្នាំញៀន ពិសេសរក្សាសណ្ដាប់ធ្នាប់សង្គមឲ្យបានល្អបំផុត៕