(ភ្នំពេញ)៖ វីតាល់ ក្រុមហ៊ុនទឹកពិសា ក្នុងស្រុកដែលល្បីល្បាញផ្នែកសកម្មភាពមនុស្សធម៌ បានសហការជាមួយមូលនិធិ «ម៉រ» ទទួលទិញអង្ករខ្មែរចំនួន១០តោន ពីសមាគន៍ស្រូវអង្ករកម្ពុជា ដើម្បីជួយសម្រាលដល់ផលពិបាករបស់ប្រជាកសិករខ្មែរ កំឡុងពេលតម្លៃស្រូវអង្ករជួបបញ្ហា។ អង្ករទាំង១០តោន នឹងត្រូវប្រើប្រាស់ សម្រាប់សប្បុរសធម៌ ចែកជូន ចាស់ជរាក្រីក្រដែលរស់នៅទីដាច់ស្រយាល និងមួយផ្នែកទៀតនឹងចែកជូនកម្មករ កម្មការនីដែលធ្វើការនៅរោងចក្រវីតាល់ផ្ទាល់។
ការទិញអង្ករនេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ២០១៦ នៅរោងម៉ាស៊ីន VBH ដំណាងសាខានៃសមាគន៍ស្រូវអង្ករកម្ពុជា ដោយមានការអញ្ជើញជា អធិបតីភាពដោយលោកឧកញ៉ា វង្ស ប៊ុនហេង អនុប្រធានសម្ព័នស្រូវអង្ករកម្ពុជាចូលរួមជាកតិ្តយស ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់វីតាល់ផងដែរ។
លោក ជុនហៀង ថាវសិទ្ធ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន វីតាល់ បានថ្លែងថា៖ ដោយយោងតាមការអំពាវនាវរបស់រដ្ឋាភិបាល និងដោយយល់ឃើញពីការលំបាក របស់ប្រជាកសិករ វីតាល់ ដែលតែងតែជួយដល់ការងារសង្គមរហូតមក ពេលនេះក៏បានសហការណ៍ជាមួយមូលនិធិ «ម៉រ» ចូលរូមដោះស្រាយបញ្ហនេះដោយសម្រេច ទិញអង្ករចំនួន១០តោន។ ទោះជាចំនួនេនេះជាមិនអាចដោះស្រាយបញ្ហា ដែលកំពុងកើតមានក៏ពិតមែន ប៉ុន្តែគឺជាស្មារតីនៃការជួយគ្នាទៅវិញទៅមក និងជាការបំផុស ឲ្យក្រុមហ៊ុនឯកជនដទៃទៀតចូលរួមគ្នាក្នុងគ្រាលំបាក។ លោកបន្តថា ក្រុមហ៊ុនមួយពិតជាមិនអាចជួយបានទេ ប៉ុន្តែបើសិនជាក្រុមហ៊ុនជាច្រើនរួមគ្នា ធ្វើដូចអ្វីដែលវីតាល់បានធ្វើនាពេលនេះ នោះបញ្ហាមួយភាគធំប្រហែលជាត្រូវបានដោះស្រាយ។
គិតមកទល់នឹងពេលនេះវីតាល់ជាក្រុមហ៊ុនទីមួយផ្នែកចំណីអាហារ ដែលបានចូលរួមចែករំលែកបញ្ហារបស់កសិករយើង។ អង្ករ១០តោនដែលវីតាល់ និងមូលនិធិ ម៉រ បញ្ជាទិញយកទៅធ្វើកម្មវិធីសប្បុរសទាំងស្រុងដែលពាក់កណ្តាលគឺសម្រាប់ដូនចាស់ជរាក្រីក្រនៅទីដាច់ស្រយាល និងពាក់កណ្តាលទៀតគឺសម្រាប់កម្មករកម្មការនី និងបុគ្គលិកដែលបម្រើការងារក្នុងក្រុមហ៊ុនវីតាល់ផ្ទាល់ ដែលនេះជាយន្តការឈ្នះៗខណៈពេលដែលដំនាំស្រូវអង្ករកំពុងមានវិបិត្ត ។
អង្ករគឺជាដង្ហើមរបស់ប្រជាកសិករខ្មែរ នៅពេលដែលស្រូវអង្ករធ្លាក់ថ្លៃ យើងទាំងអស់គ្នាគួរគប្បីជួយគ្នាដើម្បីរួមចំនែកក្នុងការស្រោចស្រង់វិបត្តិមួយនេះ។ ដូច្នេះហើយ វីតាល់ ក៏សូមអំពាវនាវដល់សប្បុរសជន ជាពិសេសក្រុមហ៊ុនឯកជនដទៃទៀត គួរតែចូលរួមទាំងអស់គ្នា តិចក្តី ច្រើនក្តីម្នាក់បន្តិចៗនោះ វិបត្តិមួយនេះនឹងអាចមានភាពធូស្បើយ ហើយសេដ្ឋកិច្ចប្រជាកសិករក៏បានល្អឡើងវិញ និងមានកំលាំងចិត្តផលិតភោគផលដំណាំស្រែចំការ សម្រាប់យើងជនរួមជាតិទាំងអស់បន្តទៀត។
ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៍ នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ ផ្អែកលើកញ្ចប់ថវិការ ២៥៛ វីតាល់ ប្តេជ្ញាថានឹងបន្តចូលរួមបន្ថែមទៀតរាល់សកម្មភាពល្អៗ ក្នុងសង្គមដើម្បីជាសក្ខីភាពនៃ ការចូលរួមរបស់អតិថិជនវីតាល់។ ដូច្នេះហើយគ្រាន់តែជាវទឹកវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕