(កណ្ដាល)៖ ឈ្មោះជាក្មេងកំព្រារគ្រាន់តែឃើញពន្លឺថ្ងៃភ្លាម មិនស្គាល់ទាំងមុខ និងភាពកក់ក្តៅ ពីឪពុកម្តាយសាច់ញាត្តិផង ខ្លះទៀតត្រូវបានរងគ្រោះដោយសារឪពុកម្ដាយលែងលះគ្នា ខ្វះភាពកក់ក្ដៅ និងគ្មានធនធានសម្រាប់ការរៀនសូត្រ និងហូបចុបប្រចាំថ្ងៃ និងខ្លះទៀតត្រូវបានឪពុកបង្កើតរំលោភ និងជនងាយរងគ្រោះជាច្រើនទៀតរូបភាពទៀត ត្រូវបានមករស់ជ្រកកោនក្រោមដំបូង របស់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ បង្កើតឡើងដោយពីរនាក់ប្តីប្រពន្ធ ដែលជាក្មេងកំព្រារឪពុកម្តាយដូចគ្នា ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដោយសារតែសមាគមនេះ ប្រមូលផ្ដុំទៅដោយសុទ្ធតែជនងាយរងគ្រោះបំផុត ពិសេសគឺកុមារ និងទារក ដូច្នេះទើបនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា ចុះសួរទុក្ខ ផ្ដល់ក្ដីស្រលាញ់ភាពកក់ក្ដៅ រួមទាំងផ្ដល់អំណោយសម្រាលការលំបាក ទោះជាសមាគមមួយនេះទទួលបានការជួយមើលថែពីសាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្ដាលក៏ដោយ។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺតែងតែគិតគូរដោយមិនរំលងនោះឡើយ ពីសុខទុក្ខរបស់ប្រជារាស្ត្រងាយរងគ្រោះ និងងាយរងគ្រោះបំផុតគ្រប់រូបភាព និងគ្រប់កាៈទេសៈ ។ជាក់ស្តែងកុមារៗនិងទារកដែលគេត្រូវបោះបង់ចោលឲ្យនៅកំព្រារ និងរងការរំលោភបំពាន និងអំពើហិង្សា។
ក្នុងថ្ងៃនេះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការគិតគូរ សួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារទាំងអស់ និងថ្លែងកោតសរសើរចំពោះសមាគម ដែលប្រឹងប្រែង អភិវឌ្ឍខ្លួនឱ្យរីកចម្រើនជាលំដាប់ ជាពិសេស ផ្តល់ការថែទាំ ផ្តល់អាហារ ការស្នាក់នៅ និងបញ្ជូនកុមារទៅសាលារៀនយ៉ាងទៀងទាត់ បង្ហាត់បង្រៀនកុមារឱ្យមានវិន័យ មានទម្លាប់រស់នៅល្អ និងមានសុជីវធម៌ ព្រមទាំងស្វះស្វែង ចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ។
លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្មួយៗចៅៗកុមារទាំងអស់ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ទម្លាប់ហូបស្អាត និងផឹកទឹកដាំឆ្អិន ហើយត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក និងត្រូវចៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ ឬការប្រើប្រាស់គ្រឿងញៀន ហើយត្រូវខិតខំសិក្សារៀនសូត្រ ឱ្យពូកែ ដើម្បីអនាគតរុងរឿង ក្លាយជាពលរដ្ឋល្អ និងជាធនធានមនុស្សដ៏ឆ្នើមរបស់សង្គមជាតិ។
ទន្ទឹមនឹងនេះ កុមារ យុវជន និងបុគ្គលិកទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងផ្តល់ក្តីអាណិតស្រឡាញ់យ៉ាងកក់ក្តៅ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹម ដល់កុមារកំព្រា ជាបន្តបន្ទាប់ ។កុមារទាំងអស់បានថ្លែងព្រមៗគ្នាដោយក្តីរំភើបថា «ខ្ញុំស្រលាញ់លោកយាយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកតា សម្ដេចតេជោ ហ៊ុនសែន !ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។
ក្នុងឱកាសនោះ កុមារម្នាក់ក្នុងចំណោមកុមារងាយរងគ្រោះផ្សេងទៀត ដែលបានមករស់នៅតាំងពីតូច និងទទួលបានសិក្សា និងមើលថែពីសមាគម គឺ កញ្ញា ស្រៀន ចាន់ណា ជានិស្សិតឆ្នាំទី២ ផ្នែកប្រវត្ដិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា ព្រោះតែឪពុកម្ដាយ លែងលះគ្នា គ្មានលទ្ធភាពរៀនបន្ដ និងកន្លែងរស់នៅ ទើបត្រូវបានអ៊ុំរបស់ ស្រៀន ចាន់ណា យកមករស់នៅសមាគមនេះ រួមទាំងបងស្រីផងដែរតាំងពីតូច។
កញ្ញា សៀន ចាន់ណា បានបន្ដថា «ខ្ញុំទទួលបានការរស់នៅ រៀនសូត្រ ការអប់រំប្រៀបប្រដៅល្អៗពិសេសបានបន្ដការសិក្សាដល់មហាវិទ្យាល័យផងដែរ ពេលខ្ញុំមករស់នៅសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលខ្ញុំមិនធ្លាប់រំពឹងសោះក្នុងជីវិត ហើយការសិក្សានៅមហាវិទ្យាល័យនេះ គឺជាការផ្ដល់អាហារូបករណ៍១០០% ពីលោកតា សម្ដេចតេជោ ហ៊ុន សែន និងលោកយាយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ចៅៗពិតជាសូមគោរពអរគុណ និងដឹងគុណណាស់ចំពោះគុណបុណ្យដ៏មហិមាររបស់លោកទាំងពីរ»។
ជាមួយគ្នានោះ ប្រធានសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារ លោក ប៉េន សុផល និងភរិយា បានសម្ដែងការក្ដីរំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការយកចិត្ដទុកដាក់ជាបន្ដបន្ទាប់ពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌របស់កូនចៅកម្ពុជា ជានិច្ចកាល អ្នកម្ដាយតែងតែគិតគូរ ដោះស្រាយ និងសម្រាលទុក្ខលំបាករបស់កូនចៅគ្រប់ៗរូប ដោយមិនទុកកូនណាម្នាក់ចោលនោះទេ។
លោកបន្ដថា ការអញ្ជើញចុះផ្ទាល់របស់កាកបាទក្រហមកម្ពុជាស្នាក់ការកណ្ដាលនេះជា គឺជាលើកទី៥ហើយ គិតចាប់ពីសមាគមនេះ បានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៧។ លោកបន្ដថា «អ្នកម្ដាយមនុស្សធម៌ បានចាត់តំណាង ចុះមកសួរសុខទុក្ខ ស្វែងយល់ពីការរស់នៅ និងភាពខ្វះខាត ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការចាំបាច់របស់កូនៗគ្រប់គ្នាប្រមាណជាង១២០នាក់ ដោយសារឪពុកម្ដាយលែងលះគ្នា ទុកកូនចោល គ្មានអាហារ និងគ្មានជម្រករស់នៅ»។
សូមជម្រាបថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនសម្រាប់សម្រាលការជីវភាពរស់នៅប្រចាំថ្ងៃរបស់សមាគមនៅពេលនេះរួមមាន៖ អង្ករ ១៥០០គីឡូក្រាម, អង្ករសុខភាព ១០កេស, មី ៣០កេស, ត្រីខ ៤០០កំប៉ុង, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស,ឃីត (មុង ភួយ សារុង ក្រមា) ៤០កញ្ចប់ និងថវិកា ១០លានរៀល រួមជាមួយអាហារថ្ងៃត្រង់មួយពេលផងដែរ៕