(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ដែលជាក្រុមហ៊ុនអាជីវកម្មចម្រុះឈានមុខគេនៅកម្ពុជា របស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសពីការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូដ៏សំខាន់ជាមួយ Marriott International ដើម្បីនាំយកយីហោ The Ritz-Carlton មកកាន់រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលម៉ាកយីហោប្រណីតល្បីល្បាញលំដាប់ថ្នាក់ពិភពលោក The Ritz-Carlton ឈានចូលមកកម្ពុជា។ យីហោសណ្ឋាគារ និងរេស៊ីដេន The Ritz- Carlton ទាំងពីរនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីលើកកម្ពស់ស្តង់ដានៃប្រណីតភាព និងភាពល្អឥតខ្ចោះ នៅក្នុងប្រទេសកម្ពុជា។
ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ មានមោទនភាព ក្នុងការប្រកាសពីកិច្ចព្រមព្រៀងថ្មីនេះ។
ឧកញ៉ា គិត សីឡា បានថ្លែងថា «នេះគឺជាលទ្ធផលការងារយ៉ាងសកម្មរយៈពេល ៦ខែ ដើម្បីកំណត់ទីតាំងយុទ្ធសាស្ត្រ នៃការអភិវឌ្ឍរបស់យើង។ ការជ្រើសរើសដៃគូជាមួយ The Ritz-Carlton បានឆ្លុះបញ្ចាំងពីមហិច្ឆតាលើឧត្តមភាព និងស្របតាមចក្ខុវិស័យនៃការផ្លាស់ប្តូរ តាមរយៈការបង្កើតស្នាដៃថ្មីៗ។ កិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ដំបូងដ៏សំខាន់នៃសករាជថ្មី លើវិស័យបដិសណ្ឋារកិច្ចកម្ពុជា»។
ស្ថិតនៅចំបេះដូងនៃរាជធានី សណ្ឋាគារ Ritz-Carlton Phnom Penh នឹងផ្តល់នូវទស្សនីយភាព ជាមួយទេសភាព នៃអគារដ៏ល្បីក្នុងទីក្រុងភ្នំពេញ រួមមានព្រះបរមរាជវាំង និងទន្លេមេគង្គដ៏ធំ និងមានភាពស្រស់ស្អាត។ ការអភិវឌ្ឍដ៏មានកិត្យានុភាពនេះ បានត្រៀមខ្លួនក្លាយជាទីតាំង មួយសម្រាប់បដិសណ្ឋារកិច្ចដ៏ប្រណីតនៅកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានសោមនស្សក្រៃលែង ចំពោះការចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះ។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា «យើងមានក្តីរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសអំពីការបើកដំណើរការ The Ritz-Carlton Phnom Penh ដែលជាគម្រោងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យដែលតំណាងឲ្យចក្ខុវិស័យរបស់យើង ក្នុងការស្វែងរកឱកាសថ្មីៗ និងបង្កើនស្តង់ដាក្នុងកម្រិកដែលមិនធ្លាប់មានពីមុនមក»។
អ្នកឧកញ៉ា គិត ម៉េង បន្ដថា «ការអភិវឌ្ឍដ៏ល្អឥតខ្ចោះនេះ មិនត្រឹមតែលើកស្ទួយវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធដ៏ប្រណីតមិនគួរឲ្យជឿ ដល់អតិថិជនផងដែរ។ យើងប្តេជ្ញាក្នុងការផ្តល់នូវភាពល្អឥតខ្ចោះ លើគ្រប់វិស័យ ដោយធានាថា The Ritz-Carlton Phnom Penh នឹងក្លាយជានិមិត្តសញ្ញាដ៏មានភាពលេចធ្លោនៅក្នុងតំបន់»។
កិច្ចព្រមព្រៀងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការគាំទ្រនូវចក្ខុវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឲ្យវិស័យទេសចរណ៍ក្លាយជាចំណុចសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។
គម្រោងអចលនទ្រព្យថ្មីនេះ បានចាប់ផ្តើមការសាងសង់ហើយ ដែលនឹងដើរតួនាទីក្នុងការធ្វើឲ្យកម្ពុជា ក្លាយជាទិសដៅមួយយ៉ាងសំខាន់ សម្រាប់អ្នកធ្វើដំណើរបែបស៊ីវិល័យ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងជួយលើកកម្ពស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ និងលើកស្ទួយទីក្រុងភ្នំពេញ ឲ្យក្លាយជា «ទីក្រុងគុជនៃអាស៊ី»។
ជាងនេះទៅទៀត ការអនុវត្តគម្រោងនេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍទីក្រុង ការធ្វើឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន និងធានាស្ថិរភាពសង្គម តាមរយៈការវិនិយោគទុនដ៏សំខាន់ និងការបង្កើតការងារថ្មី។
The Ritz-Carlton Phnom Penh សន្យាថា នឹងផ្តល់នូវបទពិសោធដ៏ស៊ីវិល័យបំផុតដោយរចនា យ៉ាងរស់រវើក ដើម្បីបម្រើអារម្មណ៍អតិថិជន។ ការអភិវឌ្ឍដ៏អស្ចារ្យនេះ នឹងបង្ហាញពីប្រណីតភាព គ្រប់ជ្រុងជ្រោយ ចាប់ពីសេវាកម្មដែលស្របតាមតម្រូវការ រហូតដល់បទពិសោធ។
ស្ថិតនៅលើមហាវីថីដ៏មានកិត្យានុភាពបំផុត នៅក្នុងទីក្រុងភ្នំពេញ អចលនទ្រព្យនេះ នឹងនាំមកនូវភោជនីយដ្ឋានលំដាប់កំពូលចំនួនប្រាំ ដែលផ្តល់ជូននូវកន្លែងទទួលទានអាហារពិសេស ស្ថាបត្យកម្មដ៏អស្ចារ្យដែលមានភាពទាក់ទាញ និងបរិក្ខារទំនើបឈានមុខគេលើសពីការរំពឹងទុក។
ការអភិវឌ្ឍអចលនទ្រព្យនេះ គឺស្ថិតនៅលើមហាវិថីព្រះនរោត្តម និងជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យបែបពហុអគារដែលមាន សណ្ឋាគារ លំនៅឋាន និងការិយាល័យ។ ទាំងនេះនឹងក្លាយជាបទពិសោធថ្មីស្រឡាង នៅលើវេហានៃទីក្រុងភ្នំពេញ។
នៅពីក្រោយភាពជាដៃគូអន្តរជាតិនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រប អន្តរជាតិ មានគោលដៅក្នុងការស្តារឡើងវិញនូវគុណភាព នៃស្តង់ដានៅក្នុងវិស័យអចលនទ្រព្យ និងពង្រឹងទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិផងដែរ៕