(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់កញ្ញា ដើម្បីត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, គ្រឿងញៀន, ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព, សភាពការណ៍សន្តិសុខសង្គម ពិសេសបំផុសការជឿទុកចិត្ត និងគាំទ្រការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅលើកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរាយការណ៍ ពាក់ព័ន្ធ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, គ្រឿងញៀន, អត្តសញ្ញាណកម្ម, ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព, សភាពការណ៍ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នោះរួចមក, លោក ណារ៉ា ចំរើន នាយករដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានផ្សព្វផ្សាយលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងលិខិតលេខ ២៣២៦ សជណ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីករណីការទន្ទ្រានដែនព្រៃលិចទឹកក្នុងតំបន់៣ ក្រោយពីការកាត់ឆ្កៀល ស្ថិតនៅភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។

ក្នុងឱកាសនោះ លោក ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះឱ្យរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញកិច្ចការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្តបន្តថា ទន្ទឹមនឹងជោគជ័យនេះដែរ យើងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវធ្វើការដោះស្រាយ ដូចជាបញ្ហាក្មេងទំនើង បញ្ហាបទល្មើសធនធានធម្មជាតិ ពិសេសបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈការបំផុសចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាល និងយកកម្ពុជាទៅប្រៀបជាមួយបង់ក្លាដេស ដែលបញ្ហាទាំងនេះទាមទារឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត/ក្រុង/ស្រុក ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានដាក់ចេញនូវទិសដៅ សម្រាប់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត/ក្រុង/ស្រុក យកទៅអនុវត្តបន្ត ចំនួន១១ចំណុចធំៗ រួមមាន៖
ទី១-ត្រូវពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ
ទី២-ពិនិត្យតាមដាន និងទប់ស្កាត់ឱ្យបាន នូវរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន ដូចជាគ្រឿងញៀន លួច ឆក់ ប្លង់ ចរាចរណ៍ ក្មេងទំនើង
ទី៣-ត្រួតពិនិត្យទីតាំងប្រកបអាជីវកម្មបោះពុម្ពអាវយឺត គ្រប់ទីកន្លែង ដែលមានចេតនាបង្កអសន្តិសុខក្នុងសង្គម ប្រឆាំងជាមួយរាជរដ្ឋាភិបាល និងត្រូវចាត់ការជាបន្ទាន់ ចំពោះអ្នកយកអាវទៅបោះពុម្ព និងអ្នកទទួលបោះពុម្ព
ទី៤-បំផុសការជឿទុកចិត្ត និងគាំទ្រការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រប់កម្មវិធីទាំងអស់នៅមូលដ្ឋាន ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA
ទី៥-ត្រូវពង្រឹង និងទប់ស្កាត់ ល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋាន ឱ្យខាងតែបាន
ទី៦-ខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព
ទី៧-ពង្រឹងការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងបទល្មើសលើផ្ទៃទឹកបឹងទន្លេសាប ក៏ដូចជាបទល្មើសព្រៃឈើ ជាក់ស្តែងដូចជា អនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំង៦ក្រុម ត្រូវបន្តកិច្ចការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព
ទី៨-រាល់ការតម្លើងឋាន្តរស័ក្តិ​ ផ្តល់មេដៃការងារ ឬតែងតាំងមន្ត្រី ត្រូវត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ
ទី៩-ត្រូវខិតខំណែនាំ និងបំផុសចលនា ថែរក្សាអនាម័យបរិស្ថាន ជូនប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា
ទី១០-រដ្ឋបាលក្រុង/ស្រុក ត្រូវតាមដាន និងពន្លឿនការកែតម្រូវឯកសារសាធារណៈផ្សេងៗ ឱ្យបានទាន់សភាពការ
ទី១១-ពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាព ដោយត្រូវធ្វើឱ្យអស់លទ្ធភាព៕