(សៀមរាប)៖ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១ ដើម្បីត្រួតពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីសម្រេច និងចំណូលចំណាយឆ្នាំ២០២៥ នៅសាលប្រជុំ សាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត រួមទាំងលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយក នាយករងរដ្ឋបាល ទីចាត់ការ អង្គភាព ចំណុះឲ្យសាលាខេត្តចូលរួមផងដែរ។
កិច្ចប្រជុំវិសាមញ្ញលើកទី១នេះ បានអនុម័តទៅលើរបៀបវារៈមួយចំនួន រួមមាន៖ ទី១- ធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ និងកម្មវិធីបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត, ទី២- សេចក្តីព្រាងសេចក្តីសម្រេចទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្ត ,ទី៣.អនុម័តលើសេចក្តីសម្រេចបង្កើតគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត និងទី៤- អនុម័តលើផែនការចំណូល និងចំណាយថវិកាឆ្នាំ២០២៥របស់រដ្ឋបាលខេត្ត។
ឆ្លងតាមការអនុម័តធ្វើការជ្រើសរើសសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តចំនួន៥រូប ដាក់បញ្ចូលសមាសភាព ក្នុងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងធ្វើការបោះឆ្នោតជ្រើសរើសបេក្ខភាពរបស់សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ចំនួន៣រូប បញ្ចូលជាសមាជិក សមាជិកា គណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត ព្រមទាំងធ្វើការអនុម័តលើផែនការចំណូល ចំណាយថវិកាឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាបផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក លី សំរិទ្ធ បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការ ដែលបានរួមសហការគ្នាល្អ ដើមី្បធានានូវ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តបានល្អលើគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព។
លោកក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ដែលបានជ្រើសតាំងដាក់បញ្ជូលក្នុងគណៈកម្មាធិការ ក្នុងអាណត្តិទី៤ នៃក្រុមប្រឹក្សាខេត្តសៀមរាប ត្រូវចូលរួមសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តគោល នយោបាយបញ្ចកោណដំណាកាលទី១ របស់រាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យសម្រេចជោគជ័យ ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោក លី សំរិទ្ធ បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់ខេត្តនៅឆ្នាំ២០២៥ និងអាចសម្រេចបាន ដោយសារការរំពឹងទុកនៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តរបស់អ្នកវិនិយោគ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវតុល្យភាព។
លោកបានបញ្ជាក់ថា ដើម្បីធានាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ដែលមានចែងក្នុងរបៀបវារៈគោលនយោបាយនៅក្នុងឆ្នាំដំបូងនៃរដ្ឋាភិបាលនីតិកាលទី៧ ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលត្រូវបង្កើនការវិនិយោគ និងបង្កើតតម្លៃបន្ថែមលើមូលដ្ឋានកំណើនសេដ្ឋកិច្ចដែលមានស្រាប់ និងជំរុញឲ្យមានការវិនិយោគទៅលើប្រភពថ្មីនៃកំណើនដែលមានសក្ដានុពលសេដ្ឋកិច្ច សំដៅធ្វើការអភិវឌ្ឍខេត្តលើគ្រប់ហេដ្ឋារចនាសម្ព័ន្ត សមស្របជាខេត្តគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ៕