(សៀមរាប)៖ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនកូនចៅ សាច់ញាតិសណ្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្តាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅក្នុងវត្តអារាមនីមួយៗ ដែលពិធីបុណ្យកាន់បិណ្ឌ ឬ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រារព្វធ្វើឡើងរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន បងប្អូនញាតិសណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ក្នុងនោះផងដែរ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក សត ណាឌី គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកជីក្រែង លោក ព្រំ សុត្រ្តា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធានកិត្តិយសថ្នាក់ជាតិចុះជួយស្រុកជីក្រែង លោក ង៉ែត នរិន្ទ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន ជាអនុប្រធានកិត្តិយស ចុះជួយស្រុកជីក្រែង និងសមាជិក សមាជិកា ក្រុមការងារខេត្តចុះជួយស្រុកជីក្រែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត ជាច្រើននាក់ទៀត បានរៀបចំប្រារព្វពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្ត ឥន្ទ្រកេសសរារាម (ហៅវត្តគោកធ្លកលើ) ស្ថិតនៅក្នុងភូមិគោកធ្លកលើ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ពិធីនេះ បានរៀបចំរាប់បាត្រឆ្លង ប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងបង្សុកូល ដើម្បីឧទ្ទិសកុសលផល់បុណ្យជូនដល់ញាតិកាលទាំងប្រាំពីរសណ្ដាន ដែលបានចែកឋាន និងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន ឥស្សរជន វីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ សូមដូងវិញ្ញាណក្ខ័នអ្នកទាំងអស់នោះ បានទៅកាន់សុខគតិភព កុំបីឃ្លៀនឃ្លាតឡើយ។
ក្នុងពិធីនោះ លោក លោកស្រី ព្រមទាំងក្រុមការងារ បាននាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនព្រះសង្ឃ និងប្រគេនបច្ច័យព្រះសង្ឃ៣២អង្គ ក្នុងមួយអង្គ ១ម៉ឺនរៀល ប្រគេនបច្ច័យ សម្រាប់កសាងវត្តអារាម ២លានរៀល ជូនអ្នករៀបចំវេនចំនួន ១លាន៥០ម៉ឺនរៀល និងជូនគណៈកម្មាធិការឃុំចំនួន ៥លាន៤៦ម៉ឺនរៀល សម្រាប់កសាងឃុំផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ លោក សត ណាឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជីក្រែង រួមទាំងគណៈប្រតិភូអមដំណើរ បានទៅប្រគល់ ផ្ទះ១ខ្នង ដែលមានទំហំ៤ គុណ៥ម៉ែត្រ ធ្វើអំពីឈើ ប្រកស័ង្កសី ដែលជាអំណោសប្បុរស់ធម៌របស់ លោក ជួង បូរិត និងអ្នកស្រី អ៊ុក សូណា ព្រមទាំងបុត្រ តាមរយៈលោក ភឹង ចិន្តារ៉េត ប្រធានក្រុមការងារខេត្តចុះជួយឃុំស្ពានត្នោត ជូនប្រជាពលរដ្ឋទីទល់ក្រ ឈ្មោះ អោម អន អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ូត ជីវ រស់នៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ហើយគ្រួសារនេះ ក៏បានទទួលថវិការ៥០ម៉ឺនរៀល គ្រឿងឧបភោគបរិភោគ កន្ទេល ភួក ខ្នើយ មុង និងសម្លៀកបំពាក់មួយចំនួន ផងដែរ។ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម ក្នុងពិធីសំណេះសំណាល នាឱកាសនោះ៧០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១៕