(ក្រចេះ)៖ ខេត្តក្រចេះជាខេត្តមួយក្នុងចំណោមខេត្តទាំង៤នៅភាគឦសានប្រទេសកម្ពុជា ស្ថិតក្នុងភូមិ​សាស្ត្រនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក​ស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងច្បាស់លាស់ហើយថា កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍ត្រីកោណ ផ្តោតជាសំខាន់ដល់កិច្ចអភិវឌ្ឍន៍ ការធ្វើពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនា​សម្ព័ន្ធ គ្រប់គ្រងសន្តិសុខ ដោះស្រាយបញ្ហាគ្រោះមហន្តរាយ និងគាំទ្រផ្នែសុខាភិបាលជាដើម។

បើទោះបីមានការបញ្ជាក់ច្បាស់លាស់បែបនេះក្តី ក៏នៅមានការផ្សព្វផ្សាយបំភ្លៃ និងអុជអាលបង្កើតបញ្ហា​ក្នុង​សង្គមដោយចោទថាកិច្ចសហប្រតិបត្តិការបានព្រមព្រៀងគ្នាក្នុងការបង្ហូរដោយសេរី​នៃប្រជាជន​ក្នុង​ប្រទេស​ទាំង៣នេះ។

កាលពីសប្តាហ៍កន្លងទៅក្រុមការងារ Fresh News បានចុះទៅពិនិត្យដោយផ្ទាល់ពីស្ថានភាពតំបន់​ព្រំ​ដែន និងការឆ្លងចេញចូលនៅតាមតំបន់ព្រំដែននៅក្នុងខេត្តក្រចេះ។ ខេត្តក្រចេះ មានព្រំដែន​ជាប់ជា​មួយ​ប្រទេស​វៀតណាម ប្រវែងជាង ១០០គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកស្នួល ហើយមានច្រកព្រំដែនចំនួនពីរ គឺច្រកត្រពាំងស្រែ ដែល​ជា​ច្រកទ្វារអន្តរជាតិ និងច្រកជ័យឃ្លាំង ជាច្រកទ្វេភាគី។

ព្រំដែនរវាងខេត្តក្រចេះ របស់កម្ពុជា និងខេត្តប៊ិញភឿក របស់វៀតណាម ប្រវែងជាង ១០០គីឡូម៉ែត្រ ត្រូវ​បានបោះបង្គោលព្រំដែនរួចរាល់ហើយ មានបង្គោលព្រំដែនធំតូចសរុប១៦៦បង្គោល។ ក្រៅការបោះ​បង្គោល​​ព្រំដែនហើយនោះ ដើម្បីជាកិច្ចការពារទឹកដីឱ្យកាន់តែរឹងមាំ រាជរដ្ឋាភិបាលក៏បានធ្វើផ្លូវក្រវាត់​ព្រំ​ដែន ដែលផ្លូវនេះត្រូវបានសង់កៀកនឹងខ្សែបន្ទាត់ព្រំដែន ហើយធ្វើបត់បែនទៅតាមស្ថានភាព​ខ្សែបន្ទាត់​ព្រំដែន​តែម្តង។

នៅតាមបន្ទាត់ព្រំដែនប្រវែងជាង១០០គីឡូម៉ែត្រនេះ មិនមានសល់ដីព្រៃទៀតនោះឡើយ គឺសុទ្ធសឹងតែ​ជា​ចម្ការរបស់ប្រជាពលរដ្ឋអស់ទៅហើយ ដោយបានដាំដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមីជាដើម។ តំបន់​ព្រំដែនមានប្រជាពលរដ្ឋរស់នៅជាបណ្តើរៗហើយ តែមិនទាន់មានចំនួនច្រើននៅឡើយទេ។ តែទោះជា​យ៉ាង​ណា តាមផ្លូវក្រវាត់ព្រំដែននោះ មានប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ចម្ការរបស់ពួកគាត់ឥតដាច់​នោះ​ដែរ។ បន្ថែមពីលើនោះ នៅតាមបន្ទាត់ព្រំដែន រាជរដ្ឋាភិបាល ក៏បានបង្កើតជាប៉ុស្តិ៍នគរបាលព្រំដែន ហើយ​​ដាក់កម្លាំងនគរបាលឈរជើងដើម្បីត្រួតពិនិត្យ និងការពារព្រំដែនរបស់ខ្មែរផងដែរ។

ក្នុងដំណើរចុះទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដែលជាទឹកដីជាប់ព្រំដែនរបស់វៀតណាម ក្រុមការងារ បានចុះទៅពិនិត្យដោយផ្ទាល់លើកិច្ចការឆ្លងចេញចូលព្រំដែនរវាងកម្ពុជា និងវៀតណាម ទាំងនៅច្រក​ទ្វារ​អន្តរជាតិត្រពាំងស្រែ និងច្រកទ្វារទ្វេភាគីជ័យឃ្លាំង។ នៅច្រកទ្វារទាំងពីរនេះ បានពិនិត្យឃើញថា រាល់​ការ​ឆ្លងកាត់ព្រំដែនទាំងពលរដ្ឋវៀតណាម មកកម្ពុជា ឬកម្ពុជាទៅវៀតណាមវិញ គឺត្រូវមានការត្រួតពិនិត្យ​ពី​កម្លាំងនគរបាលអន្តោប្រវេសន៍ ដែលជាអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការឆ្លងចេញចូលព្រំដែន ហើយ​ត្រូវបំពេញលិខិតស្នាមនានាទៅតាមច្បាប់របស់កម្ពុជា។

លោកវរសេនីយ៍ឯក ឃួន សេងគឿន នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែ បានឱ្យដឹងថា ការឆ្លងចេញចូលព្រំដែននៅច្រកទ្វារអន្តរជាតិត្រពាំងស្រែនេះ ចែកជា៣ប្រភេទរួមមាន៖ ទី១) ការឆ្លង​កាត់​របស់ពលរដ្ឋរស់នៅក្នុងឃុំជាប់ព្រំដែនប្រទេសទាំងពីរ គឺប្រើអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន សម្រាប់​ឆ្លងដែន ហើយមានរយៈពេលអនុញ្ញាតត្រឹមតែ១០ម៉ោងប៉ុណ្ណោះ, ទី២) ការឆ្លងដែនរបស់ប្រជា​ពល​រដ្ឋ​ក្នុងខេត្តជាប់គ្នា ក្រោមកិច្ចព្រមព្រៀងរវាងខេត្ត និងខេត្ត គឺអាចប្រើលិខិតបើកផ្លូវរបស់ខេត្ត ដែល​អនុញ្ញាត​ឱ្យឆ្លងព្រំដែនបាន ហើយមានរយៈពេលត្រឹមមួយខែ និងទី៣) គឺលិខិតឆ្លងដែន ដែលលិខិតនេះ ប្រើជា​លក្ខណៈ​អន្តរជាតិ ហើយមិនមែនតែពលរដ្ឋវៀតណាមនោះទេ ជាតិសាសន៍ដទៃ ក៏អាចប្រើដើម្បីឆ្លងដែន​នៅ​ច្រកទ្វារអន្តរជាតិត្រពាំងស្រែនេះផងដែរ។

ដោយឡែកនៅច្រកជ័យឃ្លាំង ដែលជាច្រកទ្វេភាគីវិញ ភាគច្រើនបំផុត ប្រើសម្រាប់តែការឆ្លងកាត់​សម្រាប់​ពលរដ្ឋជាប់ព្រំដែនប៉ុណ្ណោះ ហើយក៏មានការត្រួតពិនិត្យ និងបំពេញលិខិតស្នាមផ្សេងៗផងដែរ មុននឹងអនុញ្ញាតឱ្យឆ្លងកាត់។

លោកវរសេនីយ៍ឯក ឃួន សេងគឿន បានបញ្ជាក់ថា កម្លាំងនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរ​ជាតិ​ត្រពាំងស្រែ បានបំពេញការងារយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់កំណត់របស់អគ្គនាយកដ្ឋានអន្តរជាតិ ដោយ​មិនមានការអនុញ្ញាតឱ្យឆ្លងព្រំដែនដោយគ្មានការត្រួតពិនិត្យ ឬគ្មានឯកសារបញ្ជាក់នោះឡើយ។

«មិនមានប្រជាពលរដ្ឋវៀតណាម ដើរចូលកម្ពុជាដោយសេរីនោះទេ ទោះមានកិច្ចសហ​ប្រតិបត្តិ​ការ​តំបន់​អភិវឌ្ឍន៍ត្រីកោណក៏ដោយ គឺត្រូវបំពេញលក្ខខណ្ឌច្បាប់ទាំងឡាយសម្រាប់ការឆ្លងព្រំដែន»។ នេះជាការ​បញ្ជាក់​របស់លោកវរសេនីយ៍ឯក ឃួន សេងគឿន។

ក្រៅពីពិនិត្យផ្ទាល់ពីការឆ្លងកាត់ផ្ទាល់នៅច្រកទ្វារព្រំដែនហើយនោះ ដើម្បីបានជ្រាបកាន់តែច្បាស់ពី​ស្ថាន​ភាពនៃការឆ្លងកាត់ព្រំដែនរវាងខេត្តក្រចេះរបស់កម្ពុជា និងខេត្តប៊ិញភឿករបស់វៀតណាមនោះ ក្រុម​ការ​ងារ Fresh News ក៏បានស្កាត់ជួបជជីកសួរជាមួយអភិបាលខេត្តក្រចេះ លោក វ៉ា ថន ផងដែរ។

ក្នុងនាមជាអភិបាលខេត្តក្រចេះ ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង៤នៃកិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍ត្រីកោណ លោក វ៉ា ថន តែងបានចូលរួមក្នុងកិច្ចប្រជុំនានា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ​នេះ។

លោក វ៉ា ថន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា រាល់កិច្ចប្រជុំ និងកិច្ចពិភាក្សាទាំងអស់ មិនមាននិយាយពីការបង្ហូរប្រជាពលរដ្ឋ ឬអនុញ្ញាតឱ្យប្រជាពលរដ្ឋនៃខេត្តក្នុងកិច្ចសហប្រតិបត្តិការនេះ ឆ្លងចេញចូលដោយសេរីនោះឡើយ។ រាល់ការឆ្លងចេញចូល គឺត្រូវតែអនុវត្តន៍តាមច្បាប់នានារបស់​ប្រទេស​​នីមួយៗ។

លោក វ៉ា ថន បានបញ្ជាក់ដែរថា បច្ចុប្បន្នមានពលរដ្ឋវៀតណាម ផ្នែកជំនាញបច្ចេកទេសនានា នៅតាមក្រុមហ៊ុនវិនិយោគដោយវៀតណាម តែក៏អនុវត្តន៍តាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាផងដែរ។ សម្រាប់កម្លាំងពលកម្មនេះទៀតសោត គឺមានតែកម្លាំងពលកម្មជំនាញប៉ុណ្ណោះ សម្រាប់កម្លាំង​ពលកម្ម​ទូទៅ គឺត្រូវតែជាពលរដ្ឋខ្មែរ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះដែរ លោក វ៉ា ថន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចុះទៅ​មើល​ជាក់ស្តែង​នៅព្រំដែនខេត្តក្រចេះ ដែលមានផ្លូវក្រវាត់ព្រំដែនរួចរាល់ហើយនោះ។ លោក ក៏ប្រកាសបើកផ្លូវឱ្យអ្នកមាន​ការ​សង្ស័យ​ចូលទៅមើលតានកន្លែងវិនិយោគដោយវៀតណាមផងដែរ តើមានសុទ្ធតែជាជនជាតិ​វៀតណាម ដូចការចោទប្រកាន់ឬយ៉ាងណា?