(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី បានជួបសំណេះសំណាល ជាមួយមន្ត្រី រាជការសាលាខេត្ត ប្រមាណ២០០នាក់ គោលបំណងសម្តែងនូវការរាក់ទាក់ រាប់អាន ជាក្រុមគ្រួសារតែមួយ ហើយជាលើកទី២ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្ត។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដែលកំពុងបម្រើការងារ នៅក្នុងសាលាខេត្ត ហើយដែលបានខិតខំប្រឹងប្រែងបម្រើការងារ ទៅតាមតួនាទីភារៈកិច្ច ជូនសង្គមជាតិ និងជាសេនាធិការ ឲ្យថ្នាក់ដឹកនាំ ទាំងក្រុមប្រឹក្សា គណៈអភិបាលខេត្ត ទទួលបានលទ្ធផលល្អប្រសើរ ហើយមន្រ្តីរាជការសាលាខេត្ត គឺជាក្បាលម៉ាស៊ីន លើការងារគ្រប់គ្រង នូវរាល់កិច្ចការទាំងអស់ នៅក្នុងខេត្ត ដូចេ្នះត្រូវតែមានចិត្តទូលំទូលាយ មិនរើសអើង ស្មោះត្រង់ ស្អាតស្អំ បង្កើតការសាមគ្គីផ្ទៃក្នុង និងជាមួយមន្ទីរ អង្គភាព ស្រុក-ក្រុង ឃុំ-សង្កាត់ ពិសេសក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកបន្ថែមថា «មន្ត្រីរាជការ ត្រូវបន្តជម្រុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ពង្រឹងការគ្រប់គ្រងឯកសារ លិខិតស្នាម ពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ និងត្រូវលះបង់នូវភាពអសកម្ម ដើម្បីក្លាយជាកម្លាំងចលករ ក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្ត។ ជាងនេះទៅទៀតនៅក្នុងខេត្តយើង ពិនិត្យឃើញថាមានកន្លែងជាច្រើន ទាំងក្រុង និងស្រុក ត្រូវការធនធានមនុស្ស គឺមានក្មួយៗជាទំពាំងស្នងឬស្សីនេះហើយ ដែលមានសមត្ថភាព អាចនឹងចូលទៅបម្រើការនៅទីនោះ»។
ជាការពិតណាស់ថា ធ្វើជាមេដឹកនាំគេ ត្រូវតែមានព្រហ្មវិហាធម៌ទាំង៤ ទើបថ្នាក់ក្រោមគោរព បើមិនដូច្នេះទេ ពិតជាជួបការលំបាកជាមិនខាន ការតែងតាំងមន្ត្រី ក៏ត្រូវអនុវត្តទៅតាមច្បាប់ មិនប្រកាន់បក្ខពួក និងសូកប៉ាន់ឡើយ បើមានករណីនេះកើតឡើង ត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកគ្មានធនធាន ចំពោះសមត្ថភាពរបស់គេមានគ្រប់គ្រាន់ ជាមួយគ្នានេះ លោកបានសំណូមពរ ដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោតសារជាថ្មី ឲ្យបានគ្រប់ៗគ្នា។
ដោយសម្តែងនូវទឹកចិត្តគោរពស្រឡាញ់គ្នា ដូចជាគ្រួសារតែមួយ និងដើម្បីយើងទាំងអស់គ្នាជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ ជាលើកទី២នេះ លោក ម៉ៅ ធនិន និងលោកស្រី បានរៀបចំនូវវត្ថុកំដរដៃ ជូនដល់មន្រ្តីរាជការប្រមាណ ២០០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករដំណើប៥គីឡូក្រាម សណ្តែកបាយ២គីឡូក្រាម មីសួរ ០,៥០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល ផងដែរ៕