(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជនគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន ដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនពីវឌ្ឍនភាពការងារ និងលទ្ធផលសម្រេចបានរបស់គណៈចលនាមហាជន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អគ្គលេខាធិការ និងក្រុមការងារដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរក្នុងរយៈកាលកន្លងទៅជូនគណៈចលនាមហាជន និងគណបក្ស។

គណៈចលនាមហាជន គឺជាសេនាធិការមួយដ៏សំខាន់របស់គណបក្ស ដែលមានភារកិច្ចក្តាប់ការងារសតិអារម្មណ៍មហាជន ដើម្បីធានាប្រៀបឈ្នះរបស់គណបក្ស នៅក្នុងការបោះឆ្នោតនានា។

នាឱកាសដ៏វិសេសវិសាលថ្លៃថ្លា នៃខួបចម្រើនជន្មាយុសម្តេច លោក ហ៊ុន ម៉ានី និងក្រុមការងារបានគោរពជូនពរជ័យដល់សម្តេច និងជូនកន្រ្តកផ្កាអបអរសាទរ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕