(កំពត)៖ លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកស្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សមាជិកាព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សា មន្រ្តីខុទ្ទកាល័យ និងអាជ្ញាធរខេត្តកំពត នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៦ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តស្នំប្រាំពីរ ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។
នៅក្នុងឱកាសនោះ លោក នៃ ប៉េណា បាននាំយកនូវ បច្ច័យ និងទេយ្យទានមួយចំនួន ប្រគេន ដល់ព្រះសង្ឃ ដើម្បីបញ្ជូនកុសលផលបុណ្យជូនទៅដល់បុព្វការីជនដែលបានបែកកាយរំលាយដ្ឋានទៅកាន់បរលោក ខាងមុខឲ្យមកទទួល កុសលផលបុណ្យនេះ។
បន្ទាប់ពីបញ្ចប់ពិធីបុណ្យកាន់បិណ្ឌលោក នៃ ប៉េណា និងលោកស្រី បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរជូនចំពោះសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ចំនួន១១នាក់ នៅសណ្ឋាគារប៊ូទិកកំពត ស្ថិតក្នុងក្រុង កំពត ខេត្តកំពត។
នៅក្នុងឱកាសនោះដែរ លោកបានឧបត្ថម្ភដល់សិស្សទទួលបាននិទ្ទេស A ទាំង១១នាក់ ក្នុងម្នាក់ទទួលបានថវិកា ១,០០០,០០0រៀល ហើយបានណែនាំឲ្យពួកគេបន្តខិតខំប្រឹងប្រែងរៀនសូត្រកាន់តែខ្លាំង ដើម្បីក្លាយជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិ៕