(ព្រះសីហនុ)៖ លោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានចូលខ្លួនទៅតុលាការតាមដឺការកោះហៅរបស់សាលាដំបូងខេត្តព្រះសីហនុ ក្រោយរងពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ័ត្ន គន្ធី ភេទប្រុស ក្នុងករណីជម្លោះឈានដល់ការប្រើប្រាស់ហិង្សារហូតធ្វើឲ្យជនរងគ្រោះមានស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈាម ដោយពិនិត្យឃើញរបួសធ្ងន់ រហូតឈានដល់ធ្វើការវះកាត់ និងសម្រាកព្យាបាល តាមដានអស់រយៈពេលចូល១០ថ្ងៃ។
លោក ធុច បញ្ចសន្តិភាព អ្នកនាំពាក្យអយ្យាការសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ខេត្តព្រះសីហនុថា សាលាដំបូងពិតជាបានកោះហៅលោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត ចូលខ្លួនបំភ្លឺពិតមែន តែចំពោះចំណាត់ការនីតិវិធីរបស់របស់តំណាងអយ្យការ គឺមិនអាចបកស្រាយបានទេ ព្រោះករណីនេះកំពុងអង្កេតជាការសម្ងាត់។
តាមការសាកសួរពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដើមហេតុនៃជម្លោះគឺរឿងកង់បី (Pass app) ឈ្លក់សាំង ជនរងគ្រោះបញ្ឆេះហើយរោហ្គា នៅជិតផ្ទះលោកមេប៉ុស្តិ៍ ទើបលោកមេប៉ុស្តិ៍ជេរប្រមាថមើលងាយគំរាមបាញ់សម្លាប់ រហូតបង្កើតជាជម្លោះ កាលពីម៉ោង៩ជាងយប់ថ្ងៃទី៦ កក្កដា ឆ្នាំ២០២៤ នៅខាងក្រោយសាលាអនុវិទ្យាល័យ សម្តេចឪស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោកបន្តថា ក្រោយកើតហេតុដោយសារស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈម លុះនៅព្រឹកថ្ងៃទី៧ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយពិនិត្យឃើញរបួសធ្ងន់ ហើមថ្លើមហើមសួត អាចគ្រោះថ្នាក់ដល់អាយុជីវិតទើបគ្រូពេទ្យផ្នែកវះកាត់ឲ្យសម្រាកព្យាបាល តាមដានអស់រយៈពេល១០ថ្ងៃ នេះបើយោងតាមលិខិតបញ្ជាក់របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ដោយរងនូវភាពឈឺចាប់ និងអយុត្តិធម៌ពេកព្រោះប្រទេសមានច្បាប់ បទល្មើសមានម្ចាស់ លោក រត្ន័ គន្ធី ថា គាត់ក៏បានសម្រេចដាក់ពាក្យបណ្តឹងទៅ តំណាងអយ្យការ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ទៅអភិបាលខេត្តថ្ងៃទី២៩ ខែឆ្នាំដដែល និងទៅអគ្គស្នងការនគរបាលជាតិ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះថាខ្លួនគ្មានបទល្មើសអ្វីធ្ងន់ធ្ងរសោះ ហេតុអ្វីត្រូវបានប៉ូលិសចាប់វ៉ៃខ្នោះធ្វើទារុណកម្ម ក្រៅច្បាប់ពិនិត្យទឹកនោម២ដង វ៉ាស់កំពស់ ទៀត រួចលែងទៅផ្ទះវិញ ហើយប្រាប់ថាកុំឲ្យប្តឹងចប់គ្នាត្រឹមណឹងចុះ យើងអ្នកជិតខាងនឹងគ្នាទេ។
ដោយឡែក លោក អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ មិនមានការឆ្លើយតបអ្វីឡើយ ក្រោយទទួលបានសំណួរពីអ្នកសារព័ត៌មាន៕