(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ សម្រាប់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងជាង ២០០នាក់ផងដែរ។
ថ្លែងក្នុងកម្មពិធីនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងអំណរគុណនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារធ្វើតេស្តរកសារធាតុញៀន និងការសហការចូលរួមរបស់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព ដែលបានស្ម័គ្រចិត្តចូលរួមធ្វើតេស្តនេះ ស្របតាមបទបញ្ជាយ៉ាងម៉ុងម៉ាត់លេខ ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំលេខ ០០១ សណន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក ឌិត ទីណា បានថ្លែងថា៖ «ការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់សម្រាប់បង្ហាញពីភាពស្អាតស្អំ និងភាពជាគំរូសម្រាប់មន្រ្តីរាជការគ្រប់រូប ដើម្បីក្រើនរម្លឹកនិងជំរុញឱ្យមន្ត្រីទាំងអស់ កុំប៉ះពាល់ កុំប្រើប្រាស់ និងចៀសឆ្ងាយពីគ្រឿងញៀន»។
ជាយន្តការបន្ទាប់ លោករដ្ឋមន្រ្តី បានពន្យល់និងណែនាំដល់ក្រុមការងារធ្វើតេស្តសារធាតុញៀន ឱ្យយកចិត្តទុកដាក់សហការទៅតាមអង្គភាពនីមួយៗ ដោយអនុវត្តការធ្វើតេស្តនេះឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងជំរុញការផ្សព្វផ្សាយពីការចៀសឆ្ងាយពីគ្រឿងញៀន ស្របតាមទិសស្លោក «និយាយថាទេ ចំពោះគ្រឿងញៀន»៕